ព័ត៌មានជាតិ

មន្ទីរសាធារណការខេត្តបាត់ដំបង បានស្ថាបនាកំណាត់ផ្លូវស្ថិតនៅជាប់នឹងព្រំដែនខ្មែរ-ថៃ ជាប់និងមាត់ច្រកអន្តរជាតិគីឡូ១៣(ភ្នំដី)

បាត់ដំបង៖ ដោយមានការលំបាកក្នុងការចេញចូលនិងដឹកជញ្ជូនទំនិញនានា រវាងកម្ពុជាថៃតាមច្រកអន្តរជាតិគីឡូ១៣-ភ្នំដី ស្ថិតនៅ ស្រុកសំពៅលូនខេត្តបាត់ដំបង មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានផ្តល់គម្រោងស្ថាបនាកំណាត់ផ្លូវស្ថិតនៅជាប់នឹងព្រំដែនខ្មែរ-ថៃ ជាប់និងមាត់ច្រកអន្តរជាតិគីឡូ១៣(ភ្នំដី) នេះជាបន្ទាន់។

កំណាត់ផ្លូវតភ្ជាប់ពីមុខច្រកព្រំដែនអន្តរជាតិគូឡូ១៣ភ្នំដីនេះ ជាប្រភេទផ្លូវ ក្រាលកៅស៊ូDBST ដែលមានប្រវែងចំនួន៣៦០ម៉ែត្រ ទទឹង៩ម៉ែត្រ ដែលសាងសង់ដោយកញ្ចប់ថវិការបស់ក្រសួងសាធារណការ និងអនុវត្តគម្រោងដោយផ្ទាល់ពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត គ្រោងនិងបញ្ចប់នូវការសាងសង់ នៅចុងខែកក្កដាឆ្នាំ២០២១នេះ ។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង បានមានប្រសាសន៍ឲ្យដឹងបន្ថែមថា ក្រៅពីចាក់ក្រាលកៅស៊ូ តភ្ជាប់ពីមាត់ច្រកព្រំដែនខាងលើនេះ ក៏មានកាយដាក់ប្រព័ន្ធលូរំដោះទឹកភ្លៀង នៅក្បែរខាងផ្លូវតាមមុខផ្ទះប្រជាពលរដ្ឋផងដែរ ដោយកំណត់ឲ្យប្រជាជននៅទីនោះចូលរួមដាក់លូ តាមមុខផ្ទះរបស់ខ្លួន។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ខណៈដែលចុះពិនិត្យការស្ថាបនាផ្លូវមួយខ្សែខាងលើនាចុងសប្តាហ៍នេះ ជាមួយមន្រ្តីពាក់ព័ន្ធ បានមានប្រសាសន៍ថាផ្លូវមួយខ្សែនេះ វាពិតជាមានសារសំខាន់ណាស់ ពាក់ព័ន្ធការធ្វើចរាចរយានយន្តគ្រប់ប្រភេទក្នុងការចេញចូល ទៅ ច្រកទ្វារព្រំដែន ។ បន្ថែមពីលើនោះ គឺដើម្បីឆ្លើយតបទៅនឹងសំណូមពរដែលជាតម្រូវការចាំបាច់ របស់អាជ្ញាធរស្រុកនិងមូលដ្ឋាន ព្រមទាំង ប្រជាពលរដ្ឋទូទៅបានប្រើប្រាស់ដើម្បីជាប្រយោជន៍សាធារណៈផងដែរ៕

ប្រភព៖​​​​​​ AKP

មតិយោបល់