ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិន ចុះត្រួតពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវ ឡើងទៅកាន់រមណីយដ្ឋាន ធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ

ប៉ៃលិន៖ កាលពីថ្ងៃទីទី១០ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវ ១ខ្សែឡើងទៅកាន់រមណីយដ្ឋាន ធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីផ្តល់សេវាឲ្យកាន់តែងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្តប៉ៃលិន។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ទឹកធ្លាក់ភ្នំខៀវជាទីតាំងទេសចរណ៍ធម្មជាតិមួយដែលមានសក្តានុពលដែលអាចទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត ប៉ុន្តែកន្លងទៅនេះដោយសារស្ថានភាពផ្លូវមានការលំបាកហើយទីតាំងសម្រាប់ចតម៉ូតូរថយន្តមានភាពតូចចង្អៀត ទើប រដ្ឋបាលខេត្តធ្វើការកែសម្រួលផ្លូវដោយមានការចូលរួមពីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តធ្វើផ្លូវបេតុងបានមួយចំនួន និងបន្តពង្រីកផ្លូវឲ្យកាន់តែធំជាងមុន និងពង្រីកទីតាំងឲ្យកាន់តែទូលាយជាងមុនព្រមជាមួយនឹងការរៀបចំសម្អាតអនាម័យនិងការដាក់ខ្យូសសម្រាប់ភ្ញៀវទេសចរផងដែរ។

លោកជំទាវបន្តថាដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែមានការទាក់ទាញរដ្ឋបាលខេត្តក៏មានគម្រោងបង្កើតទីតាំងសួនផ្កានៅតាមផ្លូវចូលទឹកធ្លាក់នៅអមសងខាងផ្លូវគួបផ្សំជាមួយនឹងសម្រស់ព្រៃភ្នំធម្មជាតិដែលមានពណ៌ខៀវស្រងាត់គ្រប់រដូវកាល នឹងអាច បង្កើនការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្តនៅថ្ងៃអនាគត។លោកជំទាវបន្តថាដោយសារ បច្ចុប្បន្នយើងកំពុងប្រឈមមុខ នឹងការឆ្លងរាលដាលជំងឺកូវី19 ដូច្នេះសកម្មភាពជួបជុំនិងការដើរកម្សាន្តរបស់ប្រជាពលរដ្ឋត្រូវបានកាត់បន្ថយស្ទើរទាំងស្រុងហើយនេះក៏ជាឱកាសមួយសម្រាប់រដ្ឋបាលខេត្តប៉ៃលិនបន្តធ្វើការអភិវឌ្ឍន៍ទីតាំងរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅឲ្យបានកាន់តែប្រសើរ៕

មតិយោបល់