ព័ត៌មានជាតិ

គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ព្រមានជាលើកដំបូងដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរឱ្យធ្វើការកែទម្រង់ និងដាក់ចេញនូវបទបញ្ញាត្តិ ដោយដាក់ពិន័យយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាកណ្តាល ចៅក្រមឱ្យគោរពស្មារតីកីឡា គោលការណ៍ Fair-Play

 

 

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សូមប្រកាសជាសាធារណៈចំពោះប្រតិកម្មរបស់មហាជន ក្នុងការវិនិច្ឆ័យការប្រកួត
កីឡាប្រដាល់គុនខ្មែរ នាយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ វគ្គផ្តាច់ព្រ័ត្រដំណ្តើមខ្សែក្រវ៉ាត់ និងរង្វាន់នៅសង្វៀន CBS (CNC)
រវាង កីឡាករ ឃឹម បូរ៉ា និង កីឡាករ ម៉ឺន មេឃា ។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា យល់ឃើញថា ៖

១.អាជ្ញាកណ្តាល-ចៅក្រម ជាមន្ត្រីបច្ចេកទេសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានវិនិច្ឆ័យការប្រកួត ដោយ
មិនគោរពតាមគោលការណ៍លេងដោយយុត្តិធម៌ “Fair-Play” មិនគោរពតាមបទបញ្ជាការប្រកួត គ្មានក្រមសីលធម៌
និងស្មារតីជាមន្ត្រីយុត្តិធម៌កីឡា ធ្វើឱ្យមហាជនបាត់បង់ជំនឿចិត្តលើប្រព័ន្ធគ្រប់គ្រងកីឡា និងប៉ះពាល់ដល់
គុណតម្លៃនៃកីឡាអត្តសញ្ញាណជាតិ ។

២.កន្លងមកការប្រកួតលើសង្វៀនឯកជន ការវិនិច្ឆ័យលទ្ធផលការប្រកួតតែងតែមានបញ្ហាអយុត្តិធម៌ជាញឹកញាប់
ដែលសហព័ន្ធកីឡាគុនខ្មែរនៅតែមិនអាចកែសម្រួល ឬ កែទម្រង់បាន ធ្វើឱ្យមហាជន និងថ្នាក់ដឹកនាំមានប្រតិកម្ម
ជាញឹកញាប់ ជាច្រើនលើកច្រើនសារ ។

៣.បើទោះបីការប្រកួតស្ថិតក្នុងក្របខណ្ឌអាជីវកម្ម មិនស្ថិតក្រោមការគ្រប់គ្រងរបស់ចលនាអូឡាំពិក ហើយការប្រកួត
ជាការដំណ្ដើមលាភសក្ការៈជាលុយ ផ្ទុយនឹងស្មារតី និងធម្មនុញ្ញអូឡាំពិក ប៉ុន្តែសហព័ន្ធកីឡាប្រដាល់គុនខ្មែរជា
សមាជិកគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្ថិតក្រោមធ័ត្រនៃលក្ខន្តិកៈ របស់គណៈកម្មាជិការជាតិអូឡាំពិកកម្ពុជា ។

អាស្រ័យហេតុនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សូមប្រកាសដាក់ការព្រមានលើកដំបូង ដល់សហព័ន្ធកីឡា
ប្រដាល់គុនខ្មែរឱ្យធ្វើការកែទម្រង់ និងដាក់ចេញនូវបទប្បញ្ញត្តិ ដោយដាក់ពិន័យយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាកណ្តាល-ចៅក្រមឱ្យ
គោរពស្មារតីកីឡា គោរពបទបញ្ជាការប្រកួត គោរពគោលការណ៍ “Fair-Play” និងគោរពក្រមសីលធម៌កីឡា ដោយមិនអាច
រំលោភបាន ។ ប្រសិនបើមានបញ្ហាដដែលកើតឡើងទៀត គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងប្រើសិទ្ធិដាក់ព្យួរសមាជិកភាព
ដែលជាផលវិបាករបស់សហព័ន្ធមិនអាចចូលរួមប្រកួតជាអន្តរជាតិ និងរៀបចំការប្រកួតជាអន្តរជាតិផ្លូវការបាន ហើយក៏មិនអាច
ចូលរួមប្រកួតកីឡា SEA Games រួមទាំង SEA Games នៅកម្ពុជាផងដែរ ។

 

មតិយោបល់