ព័ត៌មានជាតិ

អតីតគិញសម្ងាត់ FBI និង DEA របស់សហរដ្ឋអាមេរិកត្រូវបានប៉ូលិសហៃទីចាប់ខ្លួន ពាក់ព័ន្ធនឹងការធ្វើឃាតលោកប្រធានាធិបតី Jovenel Moise, នេះបើតាមប្រភពពី DEA

 

(វ៉ាស៊ីនតោន)៖ ពលរដ្ឋអាមេរិកដើមកំណើតហៃទីម្នាក់ ក្នុងចំណោម ២នាក់ដែលត្រូវបានឃាត់ខ្លួនពីបទសង្ស័យថាបានចូលរួមក្នុងផែនការធ្វើឃាត ប្រធានាធិបតីហៃទីលោក Jovenel Moise កាលពីសប្ដាហ៍មិន គឺជាអតីតគិញសម្ងាត់របស់ទីភ្នាក់ងារប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក ឬហៅកាត់ថា DEA។ នេះបើតាមមន្ត្រី DEA ម្នាក់។

មន្ត្រី DEA ខាងលើក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះមិនបានបញ្ជាក់ថាតើពលរដ្ឋអាមេរិកដើមកំណើតហៃទីទាំង២នាក់ មួយណាជាគិញសម្ងាត់របស់ DEA នោះទេ ខណៈមានសេចក្ដីរាយការណ៍ជាច្រើនថាជនសង្ស័យមួយចំនួនទៀតក៏មានទំនាក់ទំនង និងជាគិញសម្ងាត់របស់ FBI ផងដែរ។ ក៏ប៉ុន្តែទីភ្នាក់ងារ DEA បានអះអាងថា គ្មានឃាតកណាម្នាក់ បាន ឬកំពុងធ្វើប្រតិបត្តិការក្នុងនាមជា DEA ឡើយ រីឯ FBI បានបដិសេធធ្វើអត្ថាធិប្បាយលើគិញសម្ងាត់ ដោយគ្រាន់តែថាខ្លួនធ្វើការនិងប្រមូល ព័ត៌មានសម្ងាត់នានាដោយស្របច្បាប់ ក្រោមក្របខណ្ឌនៃការស៊ើបអង្កេតតែប៉ុណ្ណោះ។

ប៉ូលិសហៃទីកាលពីសប្ដាហ៍មុន បានឃាត់ខ្លួនបុរសជាពលរដ្ឋអាមេរិកដើមកំណើតហៃទី២នាក់ ម្នាក់មានឈ្មោះ Joseph Vincent អាយុ៥៥ឆ្នាំ និង James Solages មានអាយុ ៣៥ឆ្នាំ ហើយបានចោទប្រកាន់ពួកគេថាបានចូលរួមជាមួយជនជាតិកូឡុំប៊ី ២៦នាក់ផ្សេងទៀតដើម្បីធ្វើឃាតលោកប្រធានាធិបតី Jovenel Moise នៅឯគេហដ្ឋានរបស់លោកក្នុងរដ្ឋធានីព័រអូប្រាំង៕

ប្រភព៖ CNN

មតិយោបល់