(ប៉េកាំង)៖ ក្រុមអ្នកជួយសង្រ្គោះក្នុងប្រទេសចិន នៅថ្ងៃពុធ ទី១៤ ខែកក្កដានេះ បានឱ្យដឹងថាចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍បាក់រលំសណ្ឋាគារមួយស្ថិតនៅឯភាគខាងត្បូងនៃប្រទេស បានកើនដល់១៧នាក់ហើយ ខណៈប្រតិបត្តិការជួយសង្រ្គោះ និងស្វែងរកជនរងគ្រោះត្រូវបិទបញ្ចប់។
មនុស្ស២៣នាក់ត្រូវបានជួយសង្រ្គោះ និងទាញចេញពីគំនរបាក់បែកនៃសណ្ឋាគារ Siji Kaiyuan Hotel ដែលបានបាក់រលំដោយមិនទាន់ដឹងពីមូលហេតុ កាលពីថ្ងៃចន្ទដើម សប្ដាហ៍កន្លងទៅ។ អាជ្ញាធរចិនបន្ថែមថាអ្នកដែលបានបាត់បង់ជីវិតភាគច្រើនគឺជាភ្ញៀវដែលស្នាក់ក្នុងសណ្ឋាគារ Siji Kaiyuan ហើយមនុស្សជាច្រើននាក់ក៏ត្រូវបានចាប់ខ្លួន ផងដែរនៅក្នុងប្រតិបត្តិការស៊ើបអង្កេតរកមូលហេតុបណ្ដាលឱ្យសណ្ឋាគារនេះបាក់រលំ ប៉ុន្តែមិនការបញ្ជាក់ពីចំនួន ឬអត្តសញ្ញាណអ្នកដែលត្រូវបានចាប់ខ្លួននៅឡើយទេ។
សណ្ឋាគារ Siji Kaiyuan Hotel មានកម្ពស់៣ជាន់ និង៥៤បន្ទប់ នៅក្នុងទីក្រុង Suzhou នៃខេត្ត Jiangsu ភាគខាងកើតប្រទេសចិន បានបើកដំណើរការកាលពីឆ្នាំ២០១៨៕
មតិយោបល់