ព័ត៌មានជាតិ

ប្រទេសកូរ៉េខាងជើងបានធ្វើតេស្តរកជំងឺកូវីដ-១៩ ប៉ុន្តែមិនមានករណីឆ្លងជំងឺរាតត្បាតនោះទេ ខណៈដែលពិភពលោកកំពុងមានការរីករាលដាលខ្លាំង នូវទម្រង់វីរុសដែលតា

អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើងបានធ្វើតេស្តរកជំងឺកូវីដ-១៩ ទៅលើប្រជាជនប្រមាណ ៣៥ ០០០នាក់ ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនបានរកឃើញថាមានការឆ្លងជំងឺរាតត្បាតនោះទេ ខណៈដែលពិភពលោកកំពុងមានការរីករាលដាលខ្លាំងនូវទម្រង់វីរុសដែលតា។

យោងតាមរបាយការណ៍ប្រចាំសប្តាហ៍របស់អង្គការសុខភាពពិភពលោកស្តីពីជំងឺកូវីដ-១៩ បានឱ្យដឹងថា ប្រជាជនកូរ៉េខាងជើងចំនួន ៧១៨នាក់បានទទួលការធ្វើតេស្តរកវីរុសនេះពីថ្ងៃទី ២៥ ខែមិថុនា ដល់ថ្ងៃទី ១ ខែកក្កដា ដែលនាំឱ្យចំនួនពលរដ្ឋដែលត្រូវបានធ្វើតេស្តសរុបមាន ៣២ ៥១២នាក់ ប៉ុន្តែគ្មាននរណាម្នាក់ត្រូវបានរកឃើញថាបានឆ្លងវីរុសនោះទេ។

របាយការណ៍នោះបាននិយាយថា ក្នុងចំណោមពលរដ្ឋ ៧១៨នាក់ដែលត្រូវបានធ្វើតេស្តថ្មីនោះ មានមនុស្សចំនួន ១២៧នាក់ដែលមានរោគសញ្ញាក្លាយជាអ្នកដែលមានជំងឺផ្តាសាយ ឬជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ។

ប្រទេសកូរ៉េខាងជើងបានអះអាងថា គ្មានការឆ្លងជំងឺកូវីដ-១៩ ទេ ប៉ុន្តែបានចាត់វិធានការណ៍យ៉ាងរហ័ស និងតឹងរ៉ឹងដើម្បីប្រឆាំងនឹងជំងឺរាតត្បាតនេះ ដូចជាការដាក់ចេញនូវការត្រួតពិនិត្យតាមព្រំដែនយ៉ាងតឹងរឹងចាប់តាំងពីដើមឆ្នាំមក។

ប្រទេសកូរ៉េខាងជើងត្រូវបានគេរំពឹងថា នឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រមាណ ២លានដូសតាមរយៈកម្មវិធីចែកចាយវ៉ាក់សាំងពិភពលោក ប៉ុន្តែវ៉ាក់សាំងទាំងនោះនៅមិនទាន់ត្រូវបានបញ្ជូនទៅប្រទេសនេះនៅឡើយទេ៕

 

 

មតិយោបល់