ទោះជាមានមាត់មានក មានអារម្មណ៍មួម៉ៅជាមួយមនុស្សជាទីស្រឡាញ់ក្នុងរឿងតូចតាច ឬរឿងធំដុំ និងចង់តែប្រកែកឱ្យឈ្នះប៉ុនណាក៏ដោយ បើសឹនជាចង់រស់នៅជាមួយគ្នាតទៅទៀតនោះ ខាងក្រោមនេះ គឺជារឿងដែលបុរសៗយើងត្រូវនឹកដល់ជានិច្ច ៖
១ . នៅឱ្យស្ងៀមៗសឹនពេលមានអារម្មណ៍មួម៉ៅ ឬខឹង
រឿងដំបូងបំផុតដែលត្រូវធ្វើ គឺស្ងប់សតិអារម្មណ៍ និងរម្ងាប់ភាពក្រេវក្រោធឱ្យជាប់ ព្រោះបើសឹនអ្នកទម្លាយអារម្មណ៍នោះចេញមក អ្វីដែលអ្នកនិយាយចេញមក ច្បាស់ជាគ្មានអ្វីផ្សេងក្រៅពីរឹតតែធ្វើឱ្យកើតស្នាមរបួសកាន់តែជ្រៅទៅទៀតឡើយ ដូច្នេះហើយទើបអ្នកត្រូវនៅស្ងៀម តាំងស្មារតីឱ្យនឹង និងរិះរកឱកាសពន្យល់ អធិប្បាយពីហេតុផលរបស់អ្នកក្នុងពេលវេលាដ៏ស័ក្តិសមណាមួយតាមទំនងដែលថា “មិនសូវនិយាយទេ តែបើនិយាយគឺច្បាស់លាស់” ហ្នឹងឯង។
២ . មានហេតុផល គឺសំខាន់បំផុត
ពេលដែលមនុស្សយើងប្រកែកគ្នានោះ មិនមែនដើម្បីយកឈ្នះគ្នាតែម្យ៉ាងនោះទេ តែដើម្បីពន្យល់គ្នាពីហេតុផលរបស់គ្នាទៅវិញទៅមក តើវាមានប្រយោជន៍អីទៅដែលយើងប្រកែកឈ្នះហើយ តែនាង ឬគាត់មិនព្រមទទួលស្គាល់ ឬមិនព្រមយល់ពីហេតុផលរបស់យើងនោះ?។
ដូច្នេះត្រូវចាំទុកឱ្យជាប់ក្នុងចិត្តថា ហាមរបូតពាក្យសំដីធ្ងន់ធ្ងរ ឬអាក្រក់ស្តាប់ណាមួយចេញទៅឱ្យសោះ ព្រោះវានឹងធ្វើឱ្យការប្តល់កិត្តិយស ឬការគោរពគ្នាទៅវិញទៅមកថយចុះ អ្វីដែលត្រូវធ្វើនោះគឺ គួររៀបចំ និងគិតចម្រាញ់ពាក្យសំដីមួយម៉ាត់ៗដែលនឹងនិយាយចេញទៅនោះថា តើវាស័ក្តិសមឬទេ មិនមែនជាការជះប្រេងទៅលើភ្លើងថែមនោះឡើយ។ ការប្រើហេតុផលអធិប្បាយអំពីប្រភពនៃរឿងហេតុគួរធ្វើឡើងនៅក្នុងពេលវេលាដ៏សមរម្យណាមួយ វានឹងធ្វើឱ្យយើងយល់ចិត្តគ្នាបានឡើងវិញនៅទីបំផុត។
៣ . ប្រកែកឱ្យត្រូវទីកន្លែង និងត្រូវពេលវេលា
ការប្រកែកគ្នានៅក្នុងទីសាធារណៈ ក្រៅតែពីខ្មាស់គេហើយនោះ នៅប្រថុយប្រថាននឹងការបកអាក្រាតពីកំហុសរបស់គ្នានៅចំពោះមុខមនុស្សដទៃទៀតផង ដែលនេះវានឹងក្លាយជាបញ្ហារីករាលដាលធំដុំវែងឆ្ងាយតទៅទៀតបាន។ រឿងទាស់ចិត្តគ្នារវាងមនុស្ស២ នាក់ វាជារឿងផ្ទាល់ខ្លួនរបស់អ្នក គួរទុកចាំប្រកែកគ្នានៅក្នុងកន្លែងណាស្ងាត់ៗវិញប្រសើរជាង។គ្រប់ពេលដែលយើងមានមាត់មានកនឹងគ្នា បើយើងប្រកែកគ្នាយ៉ាងមានសតិ ព្យាយាមយល់ និងចេះទទួលស្គាល់ពីចំណុចល្អ ចំណុចអន់ និងចរឹកនិស្ស័យដែលខុសគ្នា រួមទាំងចេះអត់ឱនទោសឱ្យគ្នាទៅវិញទៅមកផងនោះ យើងនឹងកាន់តែស្គាល់ចិត្តគ្នា និងស៊ីជម្រៅជាមួយគ្នាកាន់តែខ្លាំងឡើង ក្លាយជាសេចក្តីស្នេហាក្នុងជីវិតអាពាហ៍ពិពាហ៍ដែលរឹងមាំមិនខាន។
៤ . ធ្វើខុស សុំទោស – ចេះអត់ទោស និងការកែខ្លួន គឺការរស់រានមានជីវិតរបស់ស្នេហា
ទោះជាស្រឡាញ់គ្នាខ្លាំងប៉ុនណាក៏ដោយ តែជាច្រើនដងដែលក្តីស្នេហាដួលរលំ យើងបែរជារកឃើញថា មូលហេតុសំខាន់នោះមិនបាននៅឆ្ងាយពីខ្លួនយើងឡើយ តែវាស្ថិតនៅក្នុងខ្លួនរបស់យើងហ្នឹងឯង ដោយសារតែយើងមានអស្មិមានះរបស់ខ្លួនឯងខ្លាំង
ជ្រុលពេក ទើបមិនយល់ និងមិនស្គាល់ពីវិធីការក្នុងការទទួលស្គាល់អ្នកដទៃ។ ការធ្វើខុសហើយសុំទោសពីចិត្តស្មោះ និងចេះអត់ទោសឱ្យនោះ គឺជម្រើសដ៏ល្អបំផុត តែបើត្រូវសុំទោស និងត្រូវអត់ទោសឱ្យនៅក្នុងតែរឿងដដែលៗ ញឹកញាប់ពេកនោះ វាក៏ប្រហែលជាមិនសូវល្អប៉ុន្មានដែរ។ រឿងដែលល្អបំផុតគឺ នៅគ្រប់ពេលឈ្លោះគ្នា យើងគួររៀនយល់ដឹងក្នុងការកែសម្រួលខ្លួនឱ្យចូលចុះនឹងគ្នាបានវិញទើបជាការប្រសើរ៕
មតិយោបល់