ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន៖ ហេតុអ្វីបានជាចាក់វ៉ាក់សាំងសាំងកូវីដ-១៩ ហើយបែរទៅជាឈឺវិញ មិនថាចាក់ដូសទី១ ឬដូសទី២ យ៉ាងណាហើយក៏ដោយ

រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានពន្យល់អំពីករណីដែលករណីនៃការឆ្លងជំងឺកូវីដ-១៩នេះ បើទោះជាបានចាក់វ៉ាក់សាំងគ្រប់ដូសរួចរាល់ហើយក៏ដោយ ដោយសារមូលហេតុជាច្រើន ក្នុងនោះមូលហេតុធំចម្បងគឺការយល់ច្រឡំរបស់បងប្អូនប្រជាពលរដ្ឋ។

 

លោកជំទាវ បានបញ្ជាក់ថា ៖ “បងប្អូនយើងដែលបានចាក់វ៉ាក់សាំងហើយ ប៉ុន្តែបែជាឆ្លង និងឈឺ។ ខ្ញុំសូមអនុញ្ញាតជម្រាបជូនថា កាលណាយើងចាក់លើកទី១រួចហើយ នៅក្នុងខ្លួនយើងពុំទាន់បានបង្កើតនូវកងការពារបានទេ ហេតុដូច្នេះហើយនៅក្នុងដំណាក់កាលនោះ ប្រសិនបើ បងប្អូនមិនបានបន្តអនុវត្តវិធានការការពារ ហើយយល់ច្រឡំថា ស្មានតែចាក់ហើយភ្លាម ខ្លួនមានកងការពារភ្លាម ហើយមិនបានអនុវត្ត ០៣ការពារ និង ០៣កុំ ទេនោះ នេះហើយដែលជាឱកាសនៃការចម្លងវីរុសកូវីដ-១៩ ចូលមកក្នុងសរីរាង្គកាយ ហើយនៅពេលដែលវីរុសនោះចូលទៅដល់ហើយ ខណ:ពេលដែលយើងមិនទាន់មានកងការពារនៅឡើយ ដូច្នេះយើងមិនអាចយកឈ្នះវីរុសកូវីដ-១៩ បាននោះទេ។ ហេតុដូច្នេះហើយ លទ្ធភាពនៃការឆ្លង លទ្ធភាពនៃការឈឺ និងលទ្ធភាពនៃការស្លាប់ គឺមានគ្រប់ពេលវេលាទាំងអស់”។

លោកជំទាវ បានពន្យល់បន្ថែមថា នេះគឺជាករណីនៃការយល់ច្រឡំ ក្នុងចន្លោះពេលនៃការចាក់វ៉ាក់សាំងដូសទី១ និងដូសទី២។ ដោយឡែកសម្រាប់អ្នកចាក់ដូសទី២ ហើយឈឺវិញ គឺដោយសារតែបន្ទាប់ពីចាក់រួច សរីរាង្គនៅក្នុងខ្លួនរបស់មនុស្សត្រូវការពេលវេលាមួយ ដើម្បីជំរុញឱ្យមានការបង្កើតបាននូវកងការពារនៅក្នុងសរីរាង្គរបស់យើងរាល់គ្នា។ លោកជំទាវ បានសង្កត់ធ្ងន់ថា ៖ “ប្រសិនបើបុគ្គលម្នាក់បានឆ្លងនូវវីរុសកូវីដ-១៩ នៅក្នុងចន្លោះនៃការចាក់វ៉ាក់សាំង លើកទី១ និងលើកទី២ ហើយក្នុងដំណាក់កាលនោះមិនមានការវិវត្ត និងចេញរោគសញ្ញាទេនោះ ដូច្នេះបុគ្គលរូបនោះក៏មកបន្តចាក់ចាក់លើកទី២ ហើយក៏ស្រាប់តែចេញរោគសញ្ញា ដែលនេះក៏ជាលទ្ធភាពមួយផងដែរ ដែលវ៉ាក់សាំងដូសទី២ ដែលបានចាក់រួចក៏មិនមានប្រសិទ្ធភាពដើម្បីទប់ទល់នឹងវីរុសកូវីដ-១៩ ដែលនៅក្នុងខ្លួនបុគ្គលនោះដែរ”។

 

សូមបញ្ជាក់ថា វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ មានប្រសិទ្ធភាពអាចការពារការចម្លងបានខ្លះ ការពារបុគ្គលមិនឱ្យឈឺធ្ងន់ កាត់បន្ថយអត្រាសម្រាកនៅមន្ទីរពេទ្យ និងកាត់បន្ថយអត្រាមរណភាពប៉ុណ្ណោះ ហេតុដូច្នេះហើយវិធាន០៣ការពារ – ០៣កុំ ត្រូវតែបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងយកចិត្តទុកដាក់ជាទីបំផុត៕

មតិយោបល់