ភ្នំពេញ: មន្ត្រីតុលាការ ថ្លែងថា មន្ត្រីសមាគមសិទ្ធិមនុស្ស អាដហុក ៤រូប និង អគ្គលេខាធិការរង គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គជប) ១រូប ត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទប្រកាន់ជាផ្លូវការ នៅព្រឹកថ្ងៃទី២ ខែមេសា នេះ។
មន្ត្រីដដែល បញ្ជាក់ថា លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ រ៉ង់ដា និង លោកស្រី លឹម មុន្នី ជាមន្ត្រីសមាគមអាដហុក ត្រូវបានតុលាការ ចោទពីបទ សូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ។
ដោយឡែក លោក នី ចរិយា អគ្គលេខាធិការរង គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ត្រូវបានតុលាការ ចោទប្រកាន់ពីបទ សមគំនិត ក្នុងអំពើ សូកប៉ាន់សាក្សី តាមមាត្រា២៩ និង មាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ។
ជាមួយគ្នានេះ លោក សឺន សាលី ជាមន្ត្រីអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា ក៏ត្រូវបានតុលាការ ចោទប្រកាន់ពីបទ សមគំនិត ក្នុងអំពើសូកប៉ាន់សាក្សី ផងដែរ។
បច្ចុប្បន្ន សំណុំរឿង និងជនត្រូវចោទ ត្រូវបានទៅលោក ជា សុខចាន់ដេត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី។
គួរបញ្ជាក់ថា បទល្មើសសូកប៉ាន់សាក្សី ត្រូវកំណត់ការផ្តន្ទាទោស ពី ៥ឆ្នាំ ទៅ ១០ឆ្នាំ៕
មតិយោបល់