ប្រទេសភូមាកំពុងប្រឈមនឹងសន្ទុះកំណើនករណីឆ្លងកូវីដ១៩ គួរឲ្យព្រួយបារម្ភ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនករណីឆ្លងថ្មីមានជាង ៥ ០០០ករណីក្នុងមួយថ្ងៃ ពោលច្រើនជាងឆ្ងាយបើធៀបនឹងដើមខែឧសភាដែលមានមិនដល់ ៥០ករណីផងក្នុងមួយថ្ងៃ។ ចំណែកចំនួនអ្នកស្លាប់សរុបផ្លូវការគិតត្រឹមថ្ងៃពុធ ទី២១ កក្កដាមានចំនួន ៥ ០០០នាក់។ តែតួលេខនេះត្រូវបានគេមើលឃើញថា មានតិចជាងការពិត។ នៅចំពោះមុខសន្ទុះកំណើនករណីឆ្លងថ្មីពេលនេះ ភូមាកំពុងខ្វះសព្វគ្រប់ មានគ្រែនៅមន្ទីរពេទ្យ ខ្យល់អុកស៊ីសែន ប្រដាប់ធ្វើតេស្តិ៍កូវីដ រួមទាំងវ៉ាក់សាំងបង្ការកូវីដ។
ទន្ទឹមគ្នានេះ និងតាំងពីក្រោយរដ្ឋប្រហារថ្ងៃទី១ កុម្ភៈមក មានក្រុមគ្រូពេទ្យមួយភាគធំបានធ្វើកូដកម្មមិនទៅធ្វើការដោយបានចូលរួមជាមួយក្រុមបាតុករដើម្បីប្រឆាំងរបបសឹក។ តែមានក្រុមគ្រូពេទ្យធ្វើកូដកម្មខ្លះបានបន្តជួយព្យាបាលអ្នកជំងឺដោយលួចលាក់។ បញ្ហានៅត្រង់ថា ក្រុមគ្រូពេទ្យទាំងនេះកំពុងខ្វះខាតគ្រប់បែបយ៉ាង និងអំពាវនាវរកជំនួយអន្តរជាតិ។
មតិយោបល់