ព័ត៌មានជាតិ

វ៉ាក់សាំង Johnson & Johnson ​មិន​សូវ​ជាមាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​បំប្លែង​ថ្មី​ ដែលតា ​នោះ​ទេ

ការ​សិក្សា​មួយ​បង្ហាញ​ថា វ៉ាក់សាំង​របស់​ក្រុមហ៊ុន Johnson & Johnson សម្រាប់​បង្ការ​ជំងឺ​កូវីដ១៩ ដែល​តម្រូវ​ឲ្យ​ចាក់​តែ​មួយ​ដូស ប្រហែល​ជា​មិន​សូវ​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​បំប្លែង​ថ្មី​ដែលតា​នោះ​ទេ។

ក្រុម​អ្នកស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ​ពេទ្យGrossman នៃ​សាកលវិទ្យាល័យ New York បាន​សន្និដ្ឋាន​យ៉ាង​ដូច្នេះ បន្ទាប់​ពី​ធ្វើ​តេស្ត​នៅ​មន្ទីរពិសោធន៍​ទៅ​លើ​សំណាក​ឈាម​របស់​ក្រុម​អ្នក​ស្ម័គ្រចិត្ត​មួយ​ចំនួន។

លោក Nathaniel Landau ប្រធាន​ក្រុម​អ្នក​ស្រាវជ្រាវ​នោះ​បាន​ថ្លែង​ថា វ៉ាក់សាំង Johnson & Johnson មិន​បាន​ផ្ដល់​ការ​ការពារ​ដូចគ្នា​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​បំប្លែងថ្មី​ទេ ខណៈ​ដែល​វ៉ាក់សាំង Pfizer ឬ Moderna ដែល​តម្រូវ​ឲ្យ​ចាក់​ពីរ​ដូស ផ្ដល់​ការ​ការពារ​ច្រើន​ជាង។ វ៉ាក់សាំង Pfizer និង​វ៉ាក់សាំង Moderna ត្រូវ​បាន​ផលិត​ឡើង​ដោយ​ប្រើ​វិធី mRNA។

ការ​សិក្សា​ដែល​ត្រូវ​បាន​បង្ហោះ​តាម​អនឡាញ​កាល​ពី​ថ្ងៃ​អង្គារ​នេះ នៅ​មិន​ទាន់​ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​ដូចគ្នា​ពិនិត្យ​មើល​ឡើង​វិញ​នោះ​ទេ ហើយ​ក៏​មិន​ទាន់​ត្រូវ​បាន​បោះពុម្ពផ្សាយ​នៅ​ក្នុង​ទិនានុប្បវត្តិ​វិទ្យាសាស្ត្រ​នោះ​ដែរ។ ការ​សិក្សា​នេះ​ក៏​មិន​បាន​ឆ្លុះបញ្ចាំង​ពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​នៅ​ក្នុង​ពិភពលោក​ពិត​នោះ​ដែរ។ ប៉ុន្តែ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​សិក្សា​ផ្សេងៗ​ទៀត​ដែរ ដែល​ថា វ៉ាក់សាំង​ដែល​តម្រូវ​ឲ្យ​ចាក់​តែ​មួយ​ដូស​ដូចជា​វ៉ាក់សាំង Johnson & Johnson និង​វ៉ាក់សាំង AstraZeneca មិន​បាន​ផលិត​អង់ទីករ​គ្រប់គ្រាន់​ដើម្បី​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​បំប្លែង​ថ្មី​ដែលតា​និង​ឡាំដា​ទេ៕

មតិយោបល់