នៅពេលធ្វើបច្ចុប្បន្នភាពកូវីដ១៩ប្រចាំសប្តាហ៍ អង្គការសុខភាពពិភពលោកបានឲ្យដឹងថា មេរោគដែលតាអាចប្រជែងយកឈ្នះជាមួយមេរោគដទៃទៀតរួមមានមេរោគបំប្លែងខ្លួនអាល់ហ្វា បេតា និងហ្កាំម៉ាបានយ៉ាងឆាប់រហ័ស ហើយវានឹងក្លាយជាមេរោគដែលធ្វើចរាចរខ្លាំងជាងគេទូទាំងពិភពលោកក្នុងរយៈពេលប៉ុន្មានខែខាងមុខ។
ឥឡូវនេះ ជាង៧៥% នៃករណីឆ្លងកូវីដនៅក្នុងប្រទេសជាច្រើនសុទ្ធតែបង្កឡើងដោយមេរោគដែលតា។ ប្រទេសទាំងនោះរួមមាន អូស្ត្រាលី បង់ក្លាដែស បុតស្វាណា អង់គ្លេស ចិន ដាណឺម៉ាក ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីស្រាអែល ព័រទុយហ្កាល់ រុស្ស៊ី សង្ហិបូរី និងអាហ្វ្រិកខាងត្បូង។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក មានភ័ស្តុតាងកាន់តែច្រើនបង្ហាញថា មេរោគបំប្លែងខ្លួនដែលតាចម្លងជំងឺកូវីដកាន់តែខ្លាំង ប៉ុន្តែថាតើវាអាចចម្លងមេរោគបានលឿនរហ័សនិងខ្លាំងបានដូចម្តេចនោះគេនៅទាន់យល់ច្បាស់នោះទេ។
គួរជម្រាបជូនថា រយៈពេលជាង១៨ ខែចាប់តាំងផ្ទុះឡើងដំបូងនៅចិន ជំងឺកូវីដនៅបន្តធ្វើចរាចរគួរឲ្យបារម្ភក្នុងពិភពលោកដដែល។ ជាក់ស្តែងនាពេលថ្មីៗនេះ ករណីឆ្លងកូវីដបង្កឡើងដោយមេរោគដែលតាបានចាប់រីករាលដាលនៅក្នុងបណ្តាប្រទេសជាច្រើនរួមទាំងប្រទេសដែលបានចាក់វ៉ាក់សាំងជូនប្រជាជនបានច្រើនហើយក៏ដោយ។
មូលហេតុនេះធ្វើឲ្យគេប៉ាន់ប្រមាណថា ចំនួនករណីឆ្លងកូវីដនៅទូទាំងពិភពលោកអាចនឹងកើនលើស ២០០ លាននាក់ក្នុងរយៈពេល ៣ សប្តាហ៍ខាងមុខ។ អង្គការសុខភាពពិភពលោក បាននិយាយថា ករណីឆ្លងកូវីដបានកើនឡើងមកវិញខ្លាំងទំនងជាបណ្តាលមកពីកត្តាសំខាន់ៗចំនួន៤ ដែលក្នុងនោះរួមមាន៖ មេរោគបំប្លែងខ្លួនដែលឆ្លងខ្លាំងនិងលឿនរហ័ស ការបន្ធូរបន្ធយវិធានការសុខភាពសាធារណៈ ការប្រមូលផ្តុំគ្នារបស់ប្រជាជនលែងគោរពតាមគោលការណ៍សុវត្ថិភាព និងចុងក្រោយគេគឺប្រជាជនដែលនៅមិនទាន់បានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នៅតែមានចំនួនច្រើននៅឡើយ៕
មតិយោបល់