ព័ត៌មានជាតិ

ផឹកស្រវឹង អាងធ្វើមុនៗមិនអី ញ៉ាមម្ដងទៀត ប្រពន្ធទ្រាំលែងបាន ប្ដឹងប៉ូលិសឲ្យជួយអន្តរាគមន៍

កណ្តាល: កាលពីវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១ ត្រង់ចំណុចភូមិកណ្តាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល មានករណីហិង្សាប្ដីផឹកស្រវឹង វាយប្រពន្ធ។

ជនរងគ្រោះឈ្មោះលីម គុយស៊ីម ភេទស្រី អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (របួសហើមភ្នែក ចំហៀងខាងស្ដាំ) ត្រូវជាប្រពន្ធ ជនសង្ស័យ។ ជនសង្ស័យ ឈ្មោះហាន អៀមហុង ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងធ្វើសាឡង់បូមខ្សាច់ ទាំងពីរនាក់រស់នៅភូមិ-ឃុំកើតហេតុ ។

សមត្ថកិច្ច បានឲ្យដឹងថា កន្លងមកជនសង្ស័យ ធ្លាប់ប្រើអំពើហិង្សា ក្នុងគ្រួសារ វាយប្រពន្ធជាញឹកញាប់ តែខាងប្រពន្ធមិនដែលប្រកាន់ខឹងនោះទេ លុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៣ និង៣០នាទី ឈ្មោះ ហាន អៀមហុង បានផឹកស្រវឹង ហើយប្រើប្រពន្ធ ឲ្យឡើងទៅបិទក្បាលរ៉ូប៊ីណេទឹក ព្រោះខ្លាចទឹកហៀរអាង។

ខណ:នោះជនរងគ្រោះ បានសួរនាំប្តីរឿងលុយ៥០០$ យកទៅណា? ធ្វើឲ្យកើតជាទំនាស់ពាក្យសម្ដីគ្នា ហើយជនសង្ស័យ បានបើកឡានចេញទៅបាត់ ។ លុះដល់វេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃដដែល ជនសង្ស័យ បានបើកឡានមកដល់ផ្ទះវិញ ហើយចុះពីលើឡាន វាយបំផ្លិចបំផ្លាញតុ ធ្វើពីដែកក្រាលការ៉ូ បែកខូចខាតចំនួនមួយ ព្រមទាំងបែកចានមួយចំនួន និងស្ទុះទៅដាល់ប្រពន្ធ ដែលកំពុងតែដេកលើប៉ៅអ៊ី ត្រូវភ្នែក ចំហៀងខាងស្ដាំ បណ្ដាលឲ្យហើមប៉ោងរបួសមួយកន្លែង ពេលនោះ អ្នកជិតខាង បានទៅរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ កោះឧកញាតី ឲ្យជួយអន្តរាគមន៍។

ក្រោយកើតហេតុ ជនសង្ស័យ ត្រូវបានឃាត់ខ្លួនបញ្ជូន មកអធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្តាល ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់