ព័ត៌មានជាតិ

អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោកស្រី Sherman នឹងធ្វើដំណើរទស្សនកិច្ចទៅប្រទេសចិន

(Reuters) – នៅថ្ងៃពុធក្រសួងការបរទេសបាននិយាយថា អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោកស្រី Sherman នឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសចិននៅថ្ងៃទី២៥-២៦ ខែកក្កដានេះ ខណៈដែលប្រទេសសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក ព្យាយាមចរចារទំនាក់ទំនងទ្វេភាគីដែលកំពុងមានបញ្ហាខ្លាំង ។

លោកស្រី Sherman ដែលជាមន្ត្រីជាន់ខ្ពស់លំដាប់ទីពីរ របស់ក្រសួងការបរទេសនឹងជួបជាមួយសមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសលោក Wang Yi និងមន្ត្រីដទៃទៀតនៅទីក្រុង Tianjin ភាគអាគ្នេយ៍ នៃទីក្រុងប៉េកាំង ។

ដំណើរទស្សនកិច្ចរបស់លោកស្រី Sherman នឹងធ្វើឡើងនៅចុងបញ្ចប់ នៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន កូរ៉េ ខាងត្បូង និងម៉ុងហ្គោលី ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចលើកទីពីរ របស់លោកស្រីទៅកាន់ទ្វីបអាស៊ី ក្នុងរយៈពេល​ពីរខែកន្លងមក ។ ក្រសួងការបរទេសបាននិយាយថា លោកស្រី Sherman ក៏នឹងធ្វើទស្សនកិច្ចនៅប្រទេស Oman ផងដែរ នៅថ្ងៃទី២៧ ខែកក្កដា ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបាននិយាយថា កិច្ចពិភាក្សាជាមួយចិននឹងជា “ផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់សហរដ្ឋអាមេរិកដើម្បីធ្វើការផ្លាស់ប្តូរដោយស្មោះត្រង់ ដើម្បីជំរុញផលប្រយោជន៍ និងគុណតម្លៃរបស់អាមេរិក និងដើម្បីគ្រប់គ្រងទំនាក់ទំនងប្រកបដោយទំនួលខុសត្រូវ” ។

សេចក្តីថ្លែងការណ៍នោះ ក៏បានបន្ថែមទៀតថា លោកស្រី Sherman នឹង“ពិភាក្សាពីចំណុចដែលយើងមានការព្រួយបារម្ភខ្លាំងអំពីសកម្មភាពរបស់ចិន​ក៏ដូចជាចំណុចដែលជាផលប្រយោជន៍របស់យើងផងដែរ” ។

ដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់លោកស្រី Sherman ត្រូវបានគេគិតទុកជាមុននៅក្នុងមជ្ឈដ្ឋាន​គោលនយោបាយការបរទេស ប៉ុន្តែមិនត្រូវបានគេប្រកាសរួមជាមួយនឹងការធ្វើដំណើរ​របស់លោកស្រីកាលពីសប្តាហ៍មុនទេ ។

មតិយោបល់