(Reuters) – ដូចអ្វីដែលក្រុមឧទ្ទាម Zapatista បានធ្វើនាពេលកន្លងមក ជនជាតិដើមភាគតិច នៃរដ្ឋ Chiapas នៅភាគខាងត្បូងប្រទេសម៉ិកស៊ិកបានចាប់កាន់អាវុធ ទោះបីជាពេលនេះពួកគេនិយាយថា នេះគឺជាការប្រយុទ្ធជាមួយក្រុមឧក្រិដ្ឋជនដែលមានការចាត់តាំង ដែលបានយាយីសហគមន៍របស់ពួកគេក៏ដោយ ។
កាលពីចុងសប្តាហ៍ ក្រុមប្រដាប់អាវុធដែលមានសមាជិករាប់សិបនាក់ដែលមានឈ្មោះថា “El Machete” បានដើរក្បួននៅតាមដងផ្លូវក្នុងទីប្រជុំជន Pantelho នៅលើភ្នំនៃរដ្ឋ Chiapasដែលជាសកម្មភាពសាធារណៈលើកដំបូងរបស់ពួកគេ ។
រូបភាពរបស់ក្រុមនេះប្រហាក់ប្រហែលនឹងក្រុម Zapatistas មានក្រណាត់រុំក្បាល ដែលបានបង្កការភ្ញាក់ផ្អើលដល់ពិភពលោកនៅពេលពួកគេចេញពីព្រៃក្នុងឆ្នាំ ១៩៩៤ ដើម្បីដណ្តើមការកាន់កាប់ទីប្រជុំជន និងប៉ះទង្គិចជាមួយកងសន្តិសុខដើម្បីទាមទារសិទ្ធិជនជាតិដើម ។
ប៉ុន្តែយោងតាមសេចក្តីប្រកាសដែលផ្សព្វផ្សាយតាមអ៊ិនធឺណែត ដែលអះអាងថាត្រូវបានសរសេរដោយក្រុម El Machete បានកំណត់ថាខ្លួនជា ‘David’ ដើម្បីកម្ចាត់ ‘Goliath’ ដែលតំណាងឲ្យអ្នកជួញដូរគ្រឿងញៀន និងជាឃាតករ ។ រ៉យទ័រមិនអាចបញ្ជាក់ពីភាពត្រឹមត្រូវ នៃឯកសារនេះ និងមិនអាចទាក់ទងក្រុមខាងលើដើម្បីសុំការអត្ថាធិប្បាយបន្ថែមបានទេ ។
សេចក្តីប្រកាសនេះបាននិយាយថា “យើងចង់បានសន្តិភាព ប្រជាធិបតេយ្យ និងយុត្តិធម៌” ។
មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ ឬបាត់ខ្លួននៅក្នុងប្រទេសម៉ិកស៊ិកចាប់តាំងពីរដ្ឋាភិបាលបានចាប់ផ្តើម “សង្គ្រាមប្រឆាំងគ្រឿងញៀន” ក្នុងឆ្នាំ ២០០៦ និងកំឡុងពេលដែលមានការប្រយុទ្ធគ្នាកាន់តែខ្លាំងរវាងក្រុមជួញដូរគ្រឿងញៀន ដែលកំពុងព្យាយាមគ្រប់គ្រងផ្លូវសម្រាប់ជួញដូរទៅកាន់សហរដ្ឋអាមេរិកដើម្បីរកប្រាក់ចំណេញ ។
មតិយោបល់