ព័ត៌មានជាតិ

អ្នកនាំពាក្យស្ថានទូតចិនប្រចាំកម្ពុជាបញ្ចេញមតិស្តីអំពីការផ្សព្វផ្សាយមិនពិតរបស់សារព័ត៌មាន Reuters ដោយបានលើកអំពីទំនាក់ទំនងរវាងចិននិងកម្ពុជា

នាថ្ងៃទី២២ ខែកក្កដា សារព័ត៌មាន Reuterរបស់អង់គ្លេសបានដកស្រង់ការចោទប្រកាន់មិនសមហេតុផលរបស់ក្រសួងយុត្តិធម៌នៃសហរដ្ឋអាមេរិក ដោយនិយាយបំផ្លើសបំភ្លៃពីការពិតថា “ក្រុម Hacker ចិនបានលួចទិន្នន័យទន្លេមេគង្គពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា”។ ស្ថានទូតចិនប្រចាំកម្ពុជាសម្តែងការព្រួយបារម្ភខ្លាំងនិងប្រឆាំងជាដាច់ខាតចំពោះការលើកឡើងខាងលើនេះ។

ភាគីចិនប្រឆាំងជាដាច់ខាតនិងតែងបង្ក្រាបលើការវាយប្រហារតាមគ្រប់ទម្រង់នៅក្នុងប្រព័ន្ធអ៊ីនធើណេត កុំថាឡើយលើកទឹកចិត្ត គាំទ្រ ឬអនុគ្រោះចំពោះការវាយប្រហាររបស់ក្រុម Hacker។ នៅលើពិភពលោកនេះ សហរដ្ឋអាមេរិក គឺជាប្រភពនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេតដ៏ធំបំផុត ហើយទង្វើនៃការលួចតាមដានស្តាប់របស់ប្រទេសមួយនេះសូម្បីតែ“សម្ព័ន្ធមិត្ត”ក៏មិនលើកលែងដែរ។ រីឯចំពោះបញ្ហាសន្តិសុខអ៊ីនធើណេតវិញ ទំនុកចិត្តទៅលើសហរដ្ឋអាមេរិកត្រូវបានបាត់បង់យូរមកហើយ ប្រទេសនេះតែងពោលពាក្យចចាមអារ៉ាមផ្ដេសផ្ដាស ចោរស្រែកចាប់ចោរ ញុះញង់គេឯងដូចក្នុង “រឿងនិទានព្រះភូសាថ្មីរបស់ព្រះចៅអធិរាជ” ការប្រឌិតមិនពិតខាងលើនេះក្រៅពីកុហកខ្លួនឯងនិងអ្នកដទៃគ្មានគុណតម្លៃអ្វីនោះទេ។

ការផ្សព្វផ្សាយអត្ថបទនេះ គឺឈរទាំងស្រុងលើការប្រឌិតរបស់សហរដ្ឋអាមេរិកសុទ្ធសាធ មានចន្លោះប្រហោងយ៉ាងច្បាស់លើភាពជាក់ស្តែងនិងគំនិតឡូជីខល។ ក្នុងអត្ថបទរបស់ Reuters បានលើកឡើងថា ស្ថានទូតចិនប្រចាំកម្ពុជាមិនបានឆ្លើយតបទេ នេះមិនមែនជាការពិត។ ស្ថានទូតចិនប្រចាំកម្ពុជាមិនដែលទទួលបានការសាកសួរពីភ្នាក់ងារ Reuters អំពីបញ្ហានេះទេ ប្រសិនជាយើងទទួលបានដំណឹង ក៏មិនខកខានឱកាសបញ្ជាក់ការពិត និង បង្ហាញពីភាពពិតជាក់ស្តែងជូនមហាជនឱ្យបានជ្រាបដែរ។ សង្ឃឹមថា Reuters លើកក្រោយគោរពការពិត លើកកម្ពស់វិជ្ជាជីវៈនិងភាពម៉ឺងម៉ាត់ក្នុងការរាយការណ៍៕

មតិយោបល់