ព័ត៌មានជាតិ

អ៊ីរ៉ង់បានបើកសម្ភោធ ស្ថានីយ៍ស្តុកប្រេងឆៅ ថ្មីមួយកន្លែង នៅ​លើឆកសមុទ្រអូម៉ង់ នឹងជួយ​សម្រួល ដល់ការនាំប្រេងចេញ

យោងតាម​រដ្ឋាភិបាលអ៊ីរ៉ង់ ស្ថានីយ៍ស្តុកប្រេងឆៅថ្មីនេះ ត្រូវបាន​ចំណាយ​ពេល​សាងសង់ រយៈពេល២ឆ្នាំ ដោយចំណាយ​ប្រាក់អស់ ប្រមាណ​២ពាន់លានដុល្លារ។ លោក​ប្រធានាធិបតីអ៊ីរ៉ង់ អះអាងថា ជាមួយនឹងស្ថានីយ៍ថ្មីនេះ គឺអ៊ីរ៉ង់ នឹងចំណេញ​ការធ្វើដំណើរដឹកប្រេងតាមកប៉ាល់ បានច្រើនថ្ងៃ បើប្រៀបធៀបទៅនឹង ស្ថានីយ៍ស្តុកប្រេងចាស់ ដែលស្ថិតនៅកំពង់ Kharg ក្នុងឈូងសមុទ្រពែក្ស។ ជាងនេះទៀត ចាប់ពីពេលនេះទៅ គឺ​នាវាដឹកប្រេងរបស់​អ៊ីរ៉ង់ នឹងមិនចាំបាច់ ឆ្លងកាត់ច្រកសមុទ្រអកម៉ូស ដែលតូចចង្អៀត និងដែលមាននាវាចម្បាំងអាមេរិក នៅចល័តយាមនោះទេ។

ដោយឡែក ថ្វីបើ​រដ្ឋាភិបាលអ៊ីរ៉ង់ អះអាងថា ចង់នាំប្រេងចេញ​ តាមរយៈស្ថានីយ៍ថ្មីនេះ ឲ្យ​បាន​ ១លានធុងបារីលក្នុងមួយថ្ងៃ ក៏ប៉ុន្តែ បើផ្អែកតាម​សំដី​មន្ត្រីបច្ចេកទេស គឺស្ថានីយ៍ថ្មីនេះ មានសមត្ថភាព​បញ្ចេញ​ប្រេង បានត្រឹមតែ​ ៣៥ម៉ឺនធុងបារីលទេ ក្នុងមួយថ្ងៃ។

គួរបញ្ជាក់ថា ច្រកសមុទ្រសមុទ្រអកម៉ូស ដែល​មានទទឹងប្រមាណ​តែ ៤០គីឡូម៉ែត្រ គឺច្រកដឹកប្រឹងឆៅចេញពីតំបន់ដើមបូព៌ា តែមួយគត់។ ប្រមាណ​២ឆ្នាំចុងក្រោយនេះ ដោយសារតែបញ្ហាប្រឈមមុខដាក់គ្នាខ្លាំង រវាង​អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក មានការព្រួយបារម្ភច្រើនដង អំពីការផ្ទុះ​ការវាយប្រហារដោយ​អាវុធ នៅច្រកសមុទ្រនេះ។

សូមរំលឹកផងដែរថា ពាក់ព័ន្ធនឹងសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ សហរដ្ឋអាមេរិក​ បានដាក់ទណ្ឌកម្មយ៉ាងធ្ងន់​ទៅលើ​អ៊ីរ៉ង់​ ដើម្បីកាត់ផ្តាច់ដង្ហើមសេដ្ឋកិច្ចអ៊ីរ៉ង់ ក្នុងវិស័យ​នាំប្រេងឆៅចេញទៅបរទេស។ តែយ៉ាងណា នៅតែមានអតិថិជន​មួយចំនួន នៅតែបន្តទិញប្រេងពីអ៊ីរ៉ង់ ជាក់ស្តែង ស៊ីរី ចិន និងវ៉េណេស៊ុយអេឡាជាដើម។ សហរដ្ឋអាមេរិក ធ្លាប់បានចាបឃាត់នាវាដឹកប្រេងអ៊ីរ៉ង់ជាច្រើនគ្រឿង ដោយចោទថាបានបំពាននឹងទណ្ឌកម្ម។

សូមបញ្ជាក់​ផងដែរថា យោងតាមតួលេខចុងក្រោយ​របស់អង្គការ OPEP នៅខែមិថុនា អ៊ីរ៉ង់​ផលិត​ប្រេង​ឆៅ បានចំនួន ២,៤៧លានធុងបារីល ក្នុងមួយថ្ងៃ។ ក្រសួងប្រេងអ៊ីរ៉ង់អះអាងថា គេនឹង​បន្ថែមការផលិត ឲ្យ​បាន​មួយ​គុណជា៣ ដើម្បីពង្រឹងកម្លាំងយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់។ ទីភ្នាក់ងារព័ត៌មានផ្លូវការអ៊ីរ៉ង់ បានចុះផ្សាយ​កាលពីថ្ងៃពុធថា ក្រៅឈានទៅដណ្តើមយកទីផ្សារប្រេងពិភពលោក តាមរយៈស្ថានីយ៍ស្តុកប្រេងថ្មីនេះ គឺវានឹង​ពង្រឹងការពារ​សន្តិសុខថាមពលរបស់អ៊ីរ៉ង់៕

 

មតិយោបល់