ព័ត៌មានជាតិ

កម្ពុជាបន្តរកឃើញវត្តមាននៃប្រភេទសត្វកម្រៗ (ជ្រូកពោន) នៅលើពិភពលោកដែលមានវត្តមាននៅតំបន់ការ ពារធម្មជាតិរបស់ខ្លួន

ជ្រូកពោនឬជ្រូកព្រុលដែលជាប្រភេទសត្វស្ថិតក្នុងក្រុមមានដោយកម្រស្ថិតក្នុងបញ្ជីក្រហម IUCN ថា ជាប្រភេទងាយរងគ្រោះបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា ជាមួយ ប្រភេទសត្វកម្រៗផ្សេងទៀតដូចជាសត្វដំរី ខ្ទីង ទន្សោង ឈ្លូសយក្ស ខ្លារខិន ខ្លាពពកជាដើម។ កម្ពុជាដែលត្រូវបានពិភពលោកទទួលស្គាល់ថាជាប្រទេសដែលសម្បូណ៌ដោយជីវៈចម្រុះក្នុងនោះ សរុបប្រមាណ ៣៩៩៣ ប្រភេទដែលរួមានមានរុក្ខជាតិប្រមាណ ២ ៣០០ប្រភេទ និងប្រភេទសត្វដូចជា ថនិកសត្វ ១២៣ប្រភេទ, សត្វស្លាបប្រមាណ, ៥៤៥ប្រភេទ ឧរង្គសត្វ, ៨៨ប្រភេទ, ត្រី ៨៧៤ប្រភេទ និងថលជលិក ៦៣ប្រភេទ។ ចំនួននេះអាចកើនឡើងបន្ថែមទៀតដោយសារតែនៅមានជីវៈចម្រុះជាច្រើនទៀតដែលមិនទាន់បានសិក្សាអស់នៅឡើយ។
រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថាក្រុមការងារជំនាញរបស់ក្រសួងបរិស្ថាន បានរកឃើញវត្តមាននៃប្រភេទជ្រូកពោន ឬជ្រូកព្រុល នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជាតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិគឺជាមោទកភាពរបស់កម្ពុជានិងស័ក្តិសម ដែលពិភពលោកទទួលស្គាល់ថា ជាប្រទេសដែលសម្បូណ៌ដោយធនធានជីវៈចម្រុះ។ ឯកឧត្តមបានថ្លែងថា ដោយសារតែកម្ពុជាមានសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសគ្រប់គ្រាន់ ដើម្បីគិតគូរ និងរៀបចំផែនការសកម្មភាពផ្សេងៗបន្ថែមទៀត ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិដែលកម្ពុជាមាន ហើយបច្ចុប្បន្ននេះ ស្ថានភាពនៃការការពារនិង អភិរក្សធនធានធម្មជាតិមានភាពល្អប្រសើរ ព្រៃឈើនិងសត្វព្រៃត្រូវបានការពារ។ សត្វព្រៃកម្រៗ មួយចំនួនបន្តមានវត្តមាន និងខ្លះទៀតមានស្ថេភាព និងខ្លះមានការកើនឡើង និងខ្លះទៀតនៅតែបន្តថយចុះនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។
យោងតាមការសិក្សារបស់អ្នកជំនាញ ជ្រូកពោនមានប្រវែងក្បាល-ដងខ្លួនពី ៦៥០-១០៤០ម.ម ទម្ងន់ពី៧-១៤ គីឡូក្រាម កន្ទុយមានប្រវែងចន្លោះពី ១២០-១៧០ម.ម ជើងក្រោយ ១១៥-១៣៤ម.ម។ វាជាសត្វដែលមានមាឌធំ ជើងធំៗ និងមានក្រចកមាំកោងវែងពណ៌ស ច្រមុះរាងទ្រវែងដូចសត្វជ្រូក។ ជាទូទៅវាមានសម្បុរលឿងខ្ចី ប្រផេះ ឬខ្មៅ ដែលប្រែប្រួលទៅតាមរដូវកាល ផ្នែកលើខ្នងមានពណ៌ក្រម៉ៅជាងផ្នែកខាងក្រោម។ នៅលើក្បាលមានឆ្នូតពណ៌ចេញពីត្រចៀកកាត់តាមភ្នែក្រហូតដល់ចុងច្រមុះ និងមានឆ្នូតខ្មៅនៅសង្ខាងភ្នែកដល់ត្រចៀក បន្ទាប់មកមានឆ្នូតសកាត់តាមថ្ពាល់ផ្នែកខាងលើ។ ទ្រូងនិងត្រចៀកមានពណ៌ស។ លក្ខណៈជីវសាស្ត្រ៖ ជ្រូកពោនជាសត្វរស់នៅតែនៅលើដី តាមរូង ឬក្រហែងថ្ម និងរកស៊ីនៅពេលយប់។ សត្វជ្រូកពោនមិនសូវពូកែភ្នែក និងត្រចៀកទេ វាប្រើច្រមុះហិតក្លិនច្រើនជាង។ ការរកចំណី ចាប់ផ្តើមចេះនៅពេលព្រលប់ដែលអាហាររបស់វាគឺមើមរុក្ខជាតិ ឬសឈើ ជន្លេន សត្វល្អិត និងសត្វតូចៗ។ វាអាចមានកូនពី ២ ទៅ៣ក្បាល។
រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា មិនមានការសិក្សាឱ្យបានលម្អិតពីចំនួនសត្វជ្រូកពោន នៅលើពិភពលោកនិងនៅកម្ពុជានោះទេ តែអ្វីដែលកត់សម្គាល់ជ្រូកពោនមាននៅតាមតំបន់ព្រៃ ធម្មជាតិរបស់ប្រទេសកម្ពុជា ពិសេសនៅភាគនិរតី ភាគឥសាន និងភាគខាងជើងប្រទេសកម្ពុជា។ របាយប្រជាសាស្ត្ររបស់សត្វជ្រូកពោនក៏មានផងដែរនៅប្រទេសចិន កម្ពុជា ភូមា វៀតណាម និងកោះស៊ូមាត្រាប្រទេសឥណ្ឌូនេស៊ី។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ជ្រូកពោនបច្ចុប្បន្នកំពុងរងគ្រោះដោយសារតែការបរបាញ់ ការដាក់អន្ទាក់ ដើម្បីយកសាច់និងយកសំណាកធ្វើអាជីវកម្មដោយ សារតែពលរដ្ឋមួយចំនួនមានជឿថាខ្លាញ់ជ្រូកពោនអាចយកទៅធ្វើថ្នាំបុរាណជាដើម។

មតិយោបល់