ភ្នំពេញៈ បុរសម្នាក់ត្រូវបានសមត្ថកិច្ចទៅចាប់ដល់បន្ទប់ដេក ខណៈដែលធ្វើសកម្មភាពវាយទៅលើបុរសម្នាក់ម្នាក់ទៀតតាំងពីក្នុងខារ៉ាអូខេមិនអស់ចិត្តតាមមកវាយដល់បន្ទប់ជួលម្តងទៀត កាលពីម៉ោង១០ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្រុម៨ ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនបង្កមានឈ្មោះ រ៉ៃ មករា ហៅ បារាំង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ចុងភៅស្នាក់នៅចំណុចក្រុម៨ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតភូមិចំប៉ី ឃុំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត ។ ចំណែកជនរងគ្រោះឈ្មោះ ម៉ៅ អៀង ហៅសិន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ ប៊ិក អូ រ៉ែន ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពពីជនរងគ្រោះបានឲ្យដឹងថាកាលពីម៉ោង០៦ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ក្រោយពីចប់ម៉ោងការងារ ជនបង្ករនិងគាត់ជាជនរងគ្រោះបាននាំគ្នាផឹកបន្តនៅក្នុងខារ៉ាអូខេ ដែលជាកន្លែងគាត់ធ្វើការដោយមានគ្នាជាង១០នាក់ មានប្រុស-ស្រី ពេលផឹកបានបន្តិចស្រាប់តែជនបង្ករយកកែវស្រា មកគប់លើគាត់និងបានវាយគាត់ចំក្រោមភ្នែកផ្នែកខាងស្តាំបណ្តាលឲ្យ បែកឈាមដោយមិនដឹងមូលហេតុ ។
ប្រភពដដែលបានឲ្យដឹងទៀតថាពេលវាយគាត់បែកឈាម គាត់មិនបានតដៃទេបានដើរ
ចេញពីខារ៉ាអូខេ សំដៅទៅបន្ទប់ដេកពេលកំពុងដេកក្នុងបន្ទប់ជួលស្រាប់តែជនបង្កខាងលើទៅធាក់ទ្វារបន្ទប់រួចធ្វើសកម្មភាពវាយគាត់ម្តងទៀតព្រមទាំងបោះពាក្យសម្តីចង់ទៅប្តឹងដល់ណាក៏បានទើបគាត់សម្រេចចិត្តមកប្តឹងសមត្ថកិច្ចឲ្យទៅចាប់ដល់បន្ទប់ជួលតែម្តង។
ក្រោយពីទទួលបានបណ្តឹងជនរងគ្រោះ ជនដៃដល់សមត្ថកិច្ច ឃាត់ខ្លួននាំយកទៅសាកសួរនៅផ្នែកជំនាញ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕
មតិយោបល់