(ការ៉ាកាស់)៖ វេណេស៊ុយអេឡាបានចោទប្រកាន់ថាយន្តហោះយោធាមួយគ្រឿងរបស់សហរដ្ឋអាមេរិកបានហោះចូលមកក្នុងដែនអាកាសរបស់ខ្លួន ដែលនេះ ជាទង្វើបង្ករឿង ហើយថាទីក្រុងការ៉ាកាស់នឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះរាល់សកម្មភាពទាំងឡាយណាដែលពួកគេមើលឃើញថាជា
ការឈ្លានពាន។
បើតាមយោធាវេណេស៊ុយអេឡា យន្ដហោះយោធាអាមេរិកធុន C-17 បានហោះឆ្លងកាត់ និងចូលមកក្នុងដែនអាកាសវេណេស៊ុយអេឡាកាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ ដោយហោះហើរក្នុងរយៈពេល៣នាទីពីលើតំបន់ភ្នំ Perija នៃរដ្ឋ Zulia។ ការប្រកាន់បែបនេះរបស់វេណេស៊ុយអេឡា ធ្វើឡើងចំពេលសហរដ្ឋអាមេរិក និងកូឡុំប៊ីដឹកនាំការធ្វើ សមយុទ្ធយោធារួមគ្នានៅក្បែរតំបន់ឆ្នេរសមុទ្ររបស់វេណេស៊ុយអេឡា។
វេណេស៊ុយអេឡា មិនមានទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក និងកូឡុំប៊ីនោះទេ ហើយជារឿយៗប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ តែងតែចោទប្រកាន់ប្រទេសទាំង២នេះមានផែនការផ្ដួលរំលំរដ្ឋាភិបាលរបស់លោក និងសម្លាប់រូបលោក។ តែសហរដ្ឋអាមេរិក និងកូឡុំប៊ីបានច្រានចោលការចោទប្រកាន់បែបនេះ៕
ប្រភព៖ AFP
មតិយោបល់