ព័ត៌មានជាតិ

ប្រទេសថៃ បានអនុម័តសម្រាប់ការប្រើប្រាស់ឱសថគ្រាប់ Favipiravir ដែលផលិតដោយស្ថាប័នឱសថរដ្ឋាភិបាល សម្រាប់ការព្យាបាលជំងឺកូវីដ-១៩

រដ្ឋបាលចំណីអាហារ និងឱសថថៃ (FDA) បានអនុម័តសម្រាប់ការប្រើប្រាស់ឱសថគ្រាប់ Favipiravir ដែលផលិតដោយស្ថាប័នឱសថរដ្ឋាភិបាល (GPO) នៅក្នុងប្រទេសថៃ សម្រាប់ការព្យាបាលជំងឺកូវីដ-១៩ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការកើនឡើងករណីឆ្លងជំងឺរាតត្បាតនេះនៅក្នុងប្រទេសថៃ។

អ្នកជំនាញរបស់ GPO លោក Nantakarn Suwanpitakkun បាននិយាយថា ឱសថគ្រាប់ Favipiravir ដែលផលិតនៅក្នុងប្រទេសថៃ មានតម្លៃស្មើត្រឹមតែពាក់កណ្តាលប៉ុណ្ណោះនៃតម្លៃនាំចូលរបស់ពួកគេ ស្របពេលដែលគុណភាពរបស់ពួកគេគឺដូចគ្នា។

ប្រទេសថៃត្រូវការឱសថគ្រាប់ Favipiravir ប្រមាណ ៣០០ ០០០គ្រាប់ក្នុងមួយថ្ងៃ ឬប្រមាណ ៩លានគ្រាប់ក្នុងមួយខែ។ នៅពេលមុននេះ GPO បាននាំចូលឱសថគ្រាប់បន្ថែមចំនួន ៥,៥លានគ្រាប់សម្រាប់ការព្យាបាលបន្ទាប់ពីរលកទី ៣ នៃការផ្ទុះជំងឺកូវីដ-១៩ ចាប់ផ្តើមកាលពីដើមខែមេសា ដែលមានការឆ្លងរាលដាលយ៉ាងលឿនដល់ប្រទេសជាច្រើន។

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ចំនួនករណីឆ្លងថ្មីប្រចាំថ្ងៃនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ បានបន្តកើនឡើងដល់កំណត់ត្រាថ្មី។ កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ក្រសួងសុខាភិបាលថៃបានប្រកាសនូវករណីឆ្លងថ្មីចំនួន ១៥ ៣៣៥នាក់ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ដែលបង្កើនចំនួនអ្នកជំងឺសរុបដល់ ៤៩៧ ៣០២នាក់។ នៅថ្ងៃដដែលនោះ ជំងឺរាតត្បាតបានឆក់យកជីវិតមនុស្សចំនួន ១២៩នាក់បន្ថែមទៀត ដែលនាំឱ្យមានអ្នកស្លាប់សរុបដល់ ៤ ០៥៩នាក់។

រហូតមកដល់ពេលនេះ ប្រទេសថៃបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានចំនួន ១៥,៣លានដូស៕

មតិយោបល់