ខេត្តបាត់ដំបង ៖ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ មានភ្លៀងធ្លាក់លាយលំនឹងខ្យល់កន្ត្រាក់រន្ទះបាញ់ ១លើក លើ០៤ស្រុកគឺ ស្រុកសង្កែ ស្រុករុក្ខគីរី ស្រុកឯកភ្នំ និងស្រុកមោងឬស្សី បណ្តាលអោយខូចខាតផ្ទះចំនួន១៩៨ខ្នង របើកដំបូល១៩៤ខ្នង រលំ០៤ខ្នង និងស្លាប់មនុស្ស០១នាក់ របួសមនុស្ស០២នាក់ ។
នៅស្រុកសង្កែ ភ្លៀងធ្លាក់ខ្យល់កន្ត្រាក់នេះបណ្តាលអោយរបើកដំបូលផ្ទះប្រជាជនចំនួន ១៦ខ្នង ស័ង្កសី ២៤៣សន្លឹក និងក្មេងស្រី០១នាក់ រងរបួសស្រាល ត្រង់ចំណុចភូមិសាលាត្រាវ ភូមិថ្មី និងភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ។
នៅស្រុករុក្ខគីរី គ្រោះធម្មជាតិនេះបណ្តាលអោយរងការខូចខាតផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន១២ខ្នងផ្ទះ និងរលំផ្លាកសញ្ញាគណបក្សប្រជាជនចំនួន០១ផ្លាក ក្នុងនោះឃុំបាសាក់ រងការខូចខាតផ្ទះរបស់ប្រជាពលរដ្ឋរបើកដំបូលអស់ចំនួន ០៨ខ្នងផ្ទះ រលំផ្លាកសញ្ញាគណបក្សប្រជាជន០១ផ្លាក និងឃុំស្តុកប្រវឹក រងការខូចខាតផ្ទះរបស់ប្រជាពលរដ្ឋរបើកដំបូលអស់ចំនួន ០៤ខ្នងផ្ទះ ។
នៅស្រុកឯកភ្នំ រងការខូចខាតផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួនចំនួន ៣២ខ្នង រោងទាចំនួន ០២ខ្នង និងមានរន្ទះបាញ់១លើក បណ្តាលអោយស្ត្រី ១នាក់ស្លាប់។ ក្នុងនោះឃុំព្រែកខ្ពបចំនួន ១៥ខ្នងផ្ទះ ឃុំព្រែកនរិន្ទចំនួន ០៤ខ្នងផ្ទះ និងឃុំព្រែកហ្លួងចំនួន ១៣ខ្នងផ្ទះ។ ដោយឡែកនៅភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ គ្រោះរន្ទះបាញ់បណ្តាលឱ្យស្លាប់មនុស្ស ១នាក់ឈ្មោះ ពិន ឈួក ភេទស្រី អាយុ ៦៧ឆ្នាំ (ស្លាប់បាត់បង់ជីវិត) និងប្តីឈ្មោះ ញឹម រតនា អាយុ ៦៨ឆ្នាំ រងរបួសបានបញ្ជូនទៅមន្ទីរពេទ្យ។
និងនៅស្រុកមោងប្ញស្សីមានភ្លៀងនិងខ្យល់កន្រ្តាក់ បណ្តាលអោយខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១៣៨ខ្នង លើ៥ឃុំរបើកដំបូល ១៣៥ខ្នង ធ្លាក់ជើងតាង២ខ្នង ដើមឈើរលំសង្កត់ ១ខ្នង និងបាក់ដងទង់ជាត់១ រលំប៉ាយសាលារៀន១។ ក្នុងនោះឃុំគារចំនួន ១១៣ខ្នង ឃុំប្ញស្សីក្រាំងចំនួន ០៦ខ្នង ឃុំព្រៃស្វាយចំនួន ០៧ខ្នង ឃុំរបស់មង្គលចំនួន ០៦ខ្នង និងឃុំព្រៃតូចចំនួន ០៦ខ្នង ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
មតិយោបល់