ព័ត៌មានជាតិ

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក៖ ការ​ទាមទារចង់​បាន​របស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង គឺមិនមាន​​មូលដ្ឋាន​ច្បាប់​អន្តរជាតិ

លោក Lloyd Austin កំពុងតែផ្តើម​ទស្សនកិច្ចលើកទីមួយ នៅតំបន់​អាស៊ីអាគ្នេយ៍ ដើម្បីកៀងគរ រក​ការ​សហការ​គ្នា ទប់ទល់​ជាមួយ​នឹង​សកម្មភាព​វាទទី​របស់ចិន។ ទៅ​ដល់​ប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារ ទី​២៧កក្កដា លោករដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក បានថ្លែង​សន្ទរកថា នៅ​ឯវិទ្យាស្ថាន ​អន្តរជាតិ​សិក្សា​​យុទ្ធសាស្ត្រ (IISS) ដោយ​​លោក​​បានលើក​ឡើង​ថា ការ​ទាមទារ​ច្បាម​យក​​តំបន់​ដែន​សមុទ្រ​​ចិន​​ខាងត្បូង ពី​សំណាក់ចិន គឺ​ធ្វើឡើង​ដោយ​​គ្មាន​​ផ្អែកលើ​​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​ទេ។​លោក​បន្តថា ការ​ទាមទារ​របស់ចិន​ គឺវា​បាន​​រំលោភ​បំពាន ប៉ះពាល់ ​ដល់​អធិបតេយ្យភាព​ បូរណភាព​ដែនដី របស់​​ប្រទេស​ផ្សេងទៀត នៅក្នុង​តំបន់នេះ។

សូមបញ្ជាក់ថា ចិន​បាន​ទាមទារ​កាន់កាប់​សឹងតែ​ទាំងស្រុង នូវ​ដែនទឹក និង​ដែនកោះ ក្នុង​តំបន់សមុទ្រ​ចិន​ខាងត្បូង។ បញ្ហានេះ វាបា​នបង្កើត​ជាវិវាទ ផ្នែក​ច្បាប់ និង​ផ្នែកការទូត ជាមួយ​​ប្រទេសដូចជា វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងប្រ៊ុយណេ។ ជាងនេះទៀត តំបន់​សមុទ្រ​ចិនខាងត្បូង គឺជា​ច្រក​​ចរាចរណ៍ នាវា​ដឹក​ទំនិញអន្តរជាតិ ដ៏​សំខាន់បំផុត សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំងមូលតែម្តង។

នៅក្នុងសន្ទរកថា លោករដ្ឋមន្ត្រី​​ការពារជាតិ​អាមេរិក បាន​​បន្ថែមថា សហរដ្ឋ​អាមេរិក នឹង​មិនរាថយ​ជា​ដ​ាច់ខាត​ នៅពេល​​ណា​ដែល​​ផលប្រយោជន៍​របស់​អាមេរិក ក៏ដូចជា​របស់​សម្ព័ន្ធមិត្ត​អាមេរិក ត្រូវ​បាន​ចិន​គម្រាមកំហែង។ ក៏ប៉ុន្តែ ទន្នឹមនឹងនេះ សហរដ្ឋ​អាមេរិក គ្មាន​ចេតនា​ណាមួយ ទៅរករឿង ​បង្កជំលោះ​ប្រឈមមុខ​ដាក់គ្នា ជាមួយ​ចិន​នោះទេ។ លោក​បាន​អះអាងទៀត​ថា លោក​ចង់​កសាង ​ទំនាក់ទំនង​មួយ​ជាមួយចិន ​ប្រកប​ដោយ​ការ​​ស្ថាបនា មានស្ថិរភាព​រឹងមាំ ដោយ​​រាប់ទាំង​ ការ​​ឆ្លើយឆ្លង​ទាក់ទង​គ្នា​​ស្តីពីវិបត្តិ​ ជាមួយ​​នឹង​​កងទ័ព​​រំដោះ​ប្រជាមានិត​ចិន​ផងដែរ។

គួរបញ្ជាក់ថា រដ្ឋាភិបាល​ថ្មីរបស់អាមេរិក ដឹកនាំដោយ​លោក​ចូ បៃដិន កំពុងតែផ្តល់​សន្ទុះថ្មី ជាមួយ​​នឹង​​ប្រទេស​អាស៊ីអាគ្នេហ៍​ ដោយ​​ធ្វើយ៉ាង​ណា​រួមគ្នា​​កសាងកម្លាំង ដើម្បី​​ត្រៀម​​ទប់ជាមួយចិន។ កម្លាំង​សហការ ដែល​បាន​ចុះខ្សោយ​ខ្លាំង​​ កាលពី​ក្នុង​​អាណត្តិ​លោក​​ដូណាល់ ត្រាំ។ ចេញពី​ សិង្ហបុរី លោក​ Lloyd Austin នឹងបន្ត​ដំណើរ​ទៅវៀតណាម និង​ហ្វីលីពីន។ មន្ត្រីជាន់ខ្ពស់ម្នាក់​នៃក្រសួង​​ការពារជាតិ​​អាមេរិក បាន​អះអាងថា ​អាមេរិក គឺ​ជា​កម្លាំង​រក្សាស្ថិរភាព ដ៏​សំខាន់​មិនអាច​ខ្វះបាន នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍៕

មតិយោបល់