ព័ត៌មានជាតិ

ចិន ហៅសហរដ្ឋអាមេរិក «មេបំផ្លាញសន្តិភាព» ក្រោយនាវាចម្បាំងអាមេរិកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់

 

(ប៉េកាំង)៖ ទីបញ្ជាការកងទ័ពរំដោះប្រជាជនចិនភូមិភាគខាងកើត នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដានេះបានថ្កោលទោស និងចោទសហរដ្ឋអាមេរិកជាមេបំផ្លាញ សន្តិភាព បន្ទាប់ពីនាវាចម្បាំងអាមេរិកមួយគ្រឿងកាលពីពេលថ្មីៗនេះ ធ្វើដំណើរឆ្លងកាត់តំបន់ច្រកសមុទ្រតៃវ៉ាន់ជាលើកទី៧ ក្នុងឆ្នាំ២០២១នេះ។

នៅសេចក្ដីថ្លែងការណ៍របស់ខ្លួន ទីបញ្ជាការកងទ័ពរំដោះប្រជាជនចិនភូមិភាគខាងកើតបានអះអាងថា នាវាចម្បាំងអាមេរិក USS Benfold បានធ្វើដំណើរឆ្លងកាត់ ច្រកសមុទ្រតៃវ៉ាន់ ដែលនៅចន្លោះប្រទេសចិន និងកោះតៃវ៉ាន់ កាលពីថ្ងៃពុធសប្តាហ៍នេះ។ សេចក្ដីថ្លែងការណ៍ដដែលបានគូសបញ្ជាក់ដូច្នេះថា៖ «សហរដ្ឋអាមេរិក គឺជាមេបំផ្លាញសន្តិភាព និងសន្តិសុខនៅទូទាំងតំបន់ច្រកសមុទ្រតៃវ៉ាន់»។

ទីបញ្ជាការកងទ័ពរំដោះប្រជាជនចិនភូមិភាគខាងកើតបានព្រមានថា កងទ័ពចិនត្រៀមលក្ខណៈជានិច្ច ដើម្បីឆ្លើយតបចំពោះការគំរាមកំហែង និងការបង្កហេតុនានា ហើយប្តេជ្ញាការពារអធិបតេយ្យជាតិ ព្រមទាំងបូរណភាពទឹកដីរបស់ប្រទេសចិន។ ទីក្រុងប៉េកាំង ចាត់ទុកកោះតៃវ៉ាន់ ត្រឹមជាខេត្តមួយប៉ុណ្ណោះរបស់ប្រទេសចិន ដូច្នេះហើយបញ្ហាវិវាទរវាង ភាគីទាំងពីរ គឺជាកិច្ចផ្ទៃក្នុងសុទ្ធសាធ។

ចិនចាត់ទុកបរទេសណា ដែលមកជ្រៀតជ្រែកក្នុងបញ្ហានេះ គឺជាការលូកដៃ រឿងផ្ទៃក្នុងរបស់ខ្លួន ដែលពុំអាចទទួលយកបានដាច់ខាត ហើយថានឹងមិនស្ទាក់ស្ទើរឡើយក្នុងការប្រើប្រាស់កម្លាំងយោធា ប្រសិនមានកម្លាំងខាងក្រៅណាមួយព្យាយាមបំបែកតៃវ៉ាន់ ចេញពីចិន៕

ប្រភព៖​​​​​​​ SCMP

មតិយោបល់