បើតាមគណៈកម្មការសុខាភិបាលជាតិ មានករណីឆ្លងថ្មី ផ្ទុះឡើងនៅពីរកន្លែងថ្មីទៀត គឺនៅខេត្តហ្វូជៀន និងតំបន់ចុងឈីង ដោយរាប់ឃើញមានអ្នកវិជ្ជមាននឹង ចំនួន ៥៥នាក់។ ជាសរុប ចិនរាប់ឃើញមានឆ្លងថ្មីចំនួន២០០នាក់ គិតចាប់តាំងពី ថ្ងៃដែលចិនរកឃើញអ្នកវិជ្ជមានកូវីដ១៩ ជាថ្មីដំបូង នៅអាកាសយានដ្ឋានណង់គីន ថ្ងៃទី ២០កក្កដា២០២១។ កាលពីថ្ងៃសុក្រទី៣០កក្កដា អាជ្ញាធរចិនបានប្រកាសរកឃើញមានករណីឆ្លងមេរោគកូវីដបំប្លែងខ្លួនប្រភេទដែលតា នៅក្នុងខេត្តចំនួនបួន និងនៅក្រុងប៉េកាំង។
ជាសញ្ញានៃការព្រួយបារម្ភ អាជ្ញាធរចិនដែលធ្លាប់អះអាងថាគ្រប់គ្រងស្ថានការណ៍រាតត្បាតកូវីដបានទៅហើយនោះ បានសម្រេចចាត់វិធានការបិទខ្ទប់តំបន់ភ្លាម។ ទីកន្លែងសាធារណៈ កន្លែងទេសចរណ៍ វប្បធម៌ ត្រូវបិទទ្វារនៅថ្ងៃសៅរ៍ទី៣១កក្កដានេះ ប្រជាពលរដ្ឋជាង៩លាននាក់រស់នៅក្នុងក្រុងណង់គីននៃខេត្តជៀនស៊ូ ត្រូវជាប់បម្រាមបិទខ្ទប់ជាថ្មីឱ្យនៅតែក្នុងផ្ទះ។ ក្រុងទេសចរណ៍Zheangjiajie នៃខេត្តHunan ត្រូវបិទខ្ទប់តាំងពីថ្ងៃ សុក្រមក។ នេះបើតាមសេចក្តីថ្លែងការណ៍ផ្លូវការ។ សង្កាត់មួយនៃក្រុងប៉េកាំង ក៏ត្រូវបានបិទខ្ទប់ តាំងពីថ្ងៃព្រហស្បតិ៍មក ក្រោយពីរកឃើញករណីវិជ្ជមានកូវីដជាលើកដំបូងភ្លាម។ ពលរដ្ឋនៅប៉េកាំងត្រូវមានកាតព្វកិច្ចពាក់ម៉ាស់វិញ។
កូរ៉ូណាវីរុសត្រូវបានគេឃើញនៅខេត្តវ៉ូហាន ប្រទេសចិន កាលពីចុងខែធ្នូឆ្នាំ២០១៩ ប៉ុន្តែដោយនយោបាយបិទខ្ទប់ តាមដាន-ដាក់កំហិតការធ្វើបំលាស់ទី និងការចាប់ធ្វើចត្តាឡីស័ក ចិនអាចគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩បាន ហើយចាប់ផ្តើមរស់នៅដូចធម្មតា តាំងពីរដូវផ្ការីកឆ្នាំ២០២០ និងមានករណីស្លាប់ដោយកូវីដតែ២នាក់ប៉ុណ្ណោះគិតចាប់តាំងពីខែមេសាឆ្នាំមុនមក។
ប៉ុន្តែមេរោគកូវីដបំប្លែងខ្លួនប្រភេទដែលតា ចម្លង មិនរើសមុខ និងក្នុងល្បឿនលឿនខ្លាំងជាងមេរោគដើមលេចឡើងនៅវ៉ូហានឆ្ងាយណាស់។ ការចម្លងដែលតា ជាមេរៀនប្រាប់ពិភពលោកឱ្យបញ្ចេញសកម្មភាពយ៉ាងរួសរាន់បំផុត បើមិនចង់ឃើញមានមេរោគកូវីដបំប្លែងខ្លួនថ្មីកាន់តែកាច កាន់តែគ្រោះថ្នាក់។ នេះជាសេចក្តីអំពាវនាវរបស់អង្គការសុខភាពពិភពលោក។
បើតាមឯកសារផ្លូវការអាមេរិកវិញ ដែលតា មានសមត្ថភាពចម្លងខ្លាំងដូចជំងឺអុតស្វាយ និងបង្កផលវិបាកធ្ងន់ធ្ងរខ្លាំងជាងមេរោគកូវីដដើម។ អ្នកបានឆ្លងមេរោគកូវីដប្រភេទដែលតា ទោះបីជាបានចាក់ថ្នាំបង្ការហើយ ក៏ដោយ ក៏ទំនងជាអាចផ្ទុកមេរោគឱ្យនៅម្តុំបំពង់ក និងច្រមុះក្នុងបរិមាណដ៏ច្រើន ហើយអាចចម្លងទៅអ្នកផ្សេងបានដែរ។ វាមិនមែនជាករណីកម្រទេ ដែលអ្នកចាក់ថ្នាំបង្ការរួចអាចវិជ្ជមាន និងមានរោគសញ្ញាកូវីដទៀតនោះ។ នេះបើតាមឯកសារអាមេរិកដដែល៕


មតិយោបល់