ព័ត៌មានជាតិ

ប្រទេសនៅភាគខាងត្បូង​អឺរ៉ុប ​ត្រូវប្រឈម​រងគ្រោះ​ដោយសារ​ភ្លើងឆេះព្រៃ ដ៏កាចសាហាវ

អេស្ប៉ាញ ក្រិក អ៊ីតាលី និង​តួកគី ប្រទេស​ភាគខាងត្បូង​អឺរ៉ុប​កំពុង​រាតត្បាត​ដោយ​ភ្លើង​ឆេះព្រៃ ក្នុងទ្រង់ទ្រាយ ដ៏ធំ កម្រ​នឹង​មាន។ នៅថ្ងៃ​អាទិត្យ ក្រុមពន្លត់អគ្គិភ័យ​ក្រិក នៅបន្ត បាញ់ទឹកបង្រ្កាបភ្លើងឆេះព្រៃ នៅ​ភាគពាយ័ព្យប្រទេស។ ប្រឈម​នឹង​អាកាសធាតុក្តៅស្ងួតហួតហែងខ្លាំង អាជ្ញាធរ​បាន​ជម្លៀសមនុស្ស​ចេញពីភូមិ និង​តំបន់​ទេសចរណ៍ ដែលស្ថិតនៅក្បែរ​តំបន់​ភ្លើងឆេះព្រៃ កាលពី​ថ្ងៃ​សៅរ៍។ តាមអាជ្ញាធរ​ក្រិក គិត​ចាប់តាំង​ពី​ដើមឆ្នាំនេះ ដីព្រៃ ជាង ១៣ ៥០០​ហិចតា ត្រូវព្រះអគ្គីលេបត្របាក់។ គឺ​ជា​ចំនួនទ្វេដង បើប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ ២០២០។

នៅអ៊ីតាលី​ដែល​នៅត្រើយម្ខាង ក្រិក ក្រុមពន្លត់អគ្គិភ័យ​បាន​ចេញអន្តរាគមន៍ ពន្លត់ភ្លើង ជាង ៨០០​កន្លែង នៅទូទាំង​ប្រទេស នៅក្នុង​រយៈពេលតែ​២៤ម៉ោង​ចុងក្រោយនេះ។

ដូចប្រទេស​នៅ​សមុទ្រ​មេឌីទែរ៉ាណេផ្សេងទៀត តួកគី​បាន​ជម្លៀស​អ្នកទេសចរ​ចេញពី​ទីក្រុង​Antlaya ដោយ​ប្រថុចញ៉ុច​បំផុត បន្ទាប់ពី​ភ្លើងឆេះព្រៃ រាលដាល​លឿន ខ្លាំង កាលពី​ថ្ងៃ​អាទិត្យ។

ប្រឈម​នឹង​អាកាសធាតុ​ក្តៅខ្លាំង និង​ភ្លើងឆេះព្រៃ​ច្រើនខុសពីធម្មតា តួកគី កំពុង​រងគ្រោះ​ដោយភ្លើងឆេះព្រៃ ដ៏ធ្ងន់ធ្ងរ មិនធ្លាប់មាន ក្នុង​១ទសវត្សរ៍​ចុងក្រោយនេះ។ គិត​ចាប់តាំង​ពី​ខែ មករា​មក ដីព្រៃ ជាង ៩៥០០០​ហិចតា ក្លាយជា​ចំណីភ្លើង ពោល​គឺ​ច្រើនជាង ឆ្នាំមុន ដល់ទៅ ៨ដង (១៣ ៥១៦​ហិចតា)។ តាម​ទិន្នន័យចុះផ្សាយ​ដោយ​សហភាពអឺរ៉ុប តួកគី​រងបំផ្លាញ​ដោយ​ភ្លើងឆេះព្រៃ ចំនួន ១៣៣ ក្នុង​រយៈពេល ៧ខែ ឆ្នាំនេះ គឺ​៣ដង បើប្រៀបធៀប​នឹង​ឆ្នាំ ២០២០ ដែល​មាន​ចំនួន ៤៣។

តាម​ក្រុមឧតុនិយម​តួកគី ​នៅ​ទីក្រុង​ទេសចរណ៍ Antalya ជាដើម កម្រិតទែរម៉ូម៉ែត្រ នឹង​ឡើង​ដល់​៤០​អង្សារ នៅ​ថ្ងៃ​ចន្ទ បន្ទាប់ពី សីតុណ្ហភាព​នៅភាគអាគ្នេយ៍​ប្រទេស បាន​ឡើង​ក្តៅខ្លាំង ដល់ ៤៩អង្សារ កាល​ពី​ថ្ងៃទី ២០​កក្កដា​កន្លងទៅ។

ក្រសួង​ការពារជាតិ​តួកគី​បាន​បង្ហាញ​រូបភាព​ផ្កាយរណប​ដែល​បង្ហាញ ពីការខូចខាត​ព្រៃឈើដ៏ដំណំ ដោយសារ​ភ្លើងឆេះព្រៃលើកនេះ។ ប្រធានាធិបតី​តួកគី លោក​រេស៊េប អ៊ែរដូហ្កាន កំពុង​រងការរិះគន់​ខ្លាំងក្លា នៅក្នុង​ប្រទេស បន្ទាប់ពី គេ​ដឹងថា តួកគី ដែលមាន​សមត្ថភាព បញ្ជូន​យន្តហោះ​ចម្បាំង​ទៅប្រយុទ្ធ​នៅទឹកដី​បរទេស គ្មាន​យន្តហោះ សម្រាប់​ដឹកទឹក ទៅពន្លត់ភ្លើងព្រៃ។

គណបក្ស​ប្រឆាំង​ធំជាងគេ​នៅ​តួកគី Parti républicain du peuple, social-démocratique​បាន​បន្ទោស ប្រធានាធិបតី​តួកគី​ថា បាន​រុះរើ ចោល ស្ថាប័ន​ដែល​គ្រប់គ្រង​យន្តហោះ​ពន្លត់ភ្លើង​នៅតួកគី៕

មតិយោបល់