ការឆ្លងជំងឺរាតត្បាតកូវីដ-១៩ ជាសកលដែលកំពុងបន្តឆ្លងរាលដាលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធថែទាំសុខភាពនៅទូទាំងពិភពលោក ដោយសារមន្ទីរពេទ្យមានអ្នកឆ្លងច្រើនលើសលុប។ ទម្រង់វីរុសថ្មីមួយនៃជំងឺកូវីដ-១៩ បានបង្កើនការគំរាមកំហែង ដោយធ្វើឱ្យប្រទេសជាច្រើនស្ថិតក្នុងភាពអាសន្ន។
នៅពេលដែលករណីឆ្លងជំងឺកូវីដ-១៩ មានការកើនឡើងនៅក្នុងប្រទេសថៃ មន្ទីរពេទ្យមួយត្រូវបានបង្ខំចិត្តឱ្យរក្សាទុកសាកសពនៅក្នុងកុងតឺន័រ ដែលជាវិធានការបន្ទាន់មួយដែលមិនត្រូវបានប្រើចាប់តាំងពីមានរលកយក្សស៊ូណាមិដ៏សាហាវបានវាយប្រហារតំបន់នេះកាលពីឆ្នាំ២០០៤ មក។
យោងតាមនាយកមន្ទីរពេទ្យនោះ លោក Pharuhat Tor-udom នៅមន្ទីរពេទ្យសាកលវិទ្យាល័យ Thammasat ក្បែរទីក្រុងបាងកកបានឱ្យដឹងថា បច្ចុប្បន្ននេះ មន្ទីរពេទ្យនេះមានអ្នកស្លាប់ប្រចាំថ្ងៃលើសពី ១០នាក់ ដែលលើសពីសមត្ថភាពដែលអាចបង្កកសាកសពបានតែ ១០នាក់របស់មន្ទីរពេទ្យនោះ។
លោកបាននិយាយថា «មិនមានកន្លែងទំនេរគ្រប់គ្រាន់ទេ ដូច្នេះយើងបានទិញកុងតឺន័រពីរសម្រាប់ផ្ទុកសាកសព។ ក្នុងកំឡុងពេលមានរលកយក្សស៊ូណាមិ យើងបានប្រើកុងតឺន័រដើម្បីផ្ទុកសាកសពរង់ចាំការធ្វើកោសល្យវិច័យដើម្បីកំណត់អត្តសញ្ញាណ។ ប៉ុន្តែ យើងលែងធ្វើដូចនេះទៀតទេ រហូតមកដល់ពេលនេះ»។
លោក Tor-udom ក៏បានកត់សម្គាល់ផងដែរថា មួយភាគបួននៃសាកសពដែលត្រូវបានរក្សាទុកជាមួយនឹងការមិនទាន់កំណត់មូលហេតុនៃការស្លាប់ ដែលក្រោយមកបានធ្វើតេស្តិ៍វិជ្ជមានចំពោះជំងឺកូវីដ-១៩។
កាលពីឆ្នាំមុន អាជ្ញាធរទីក្រុងញូវយ៉កបានប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះដែរដោយសារជំងឺរាតត្បាតកាន់តែធ្ងន់ធ្ងរ ជាពិសេសនៅសហរដ្ឋអាមេរិកពេញមួយរដូវផ្ការីកកាលពីក្នុងឆ្នាំ២០២០ ។ យោងតាមសារព័ត៌មានញូវយ៉កដេលីបានរាយការណ៍ថា អាជ្ញាធរមូលដ្ឋានគ្រោងនឹងរុះរើកន្លែងដាក់សាកសពជាបណ្តោះអាសន្ននៅទីក្រុងញូវយ៉កនៅចុងរដូវក្តៅនេះ។
ខណៈដែលវីរុសទម្រង់ថ្មីមួយនៃជំងឺកូវីដ-១៩ កំពុងវាយលុកតំបន់អាស៊ី ប្រទេសថៃបានបង្ហាញតួលេខដ៏គួរឱ្យព្រួយបារម្ភនូវករណីឆ្លងថ្មីប្រចាំថ្ងៃជាង ១៧ ០០០នាក់ដែលត្រូវបានរាយការណ៍។ កាលពីថ្ងៃសៅរ៍ ប្រទេសនេះបានបង្កើតឯតទគ្គកម្មថ្មីនៃការឆ្លងចំនួន ១៨ ៩១២នាក់ក្នុងរយៈពេលតែមួយថ្ងៃ។ អ្នកជំងឺជាង ១ ២០០នាក់កំពុងស្ថិតនៅក្នុងជួររង់ចាំដើម្បីចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ៕
មតិយោបល់