ព័ត៌មានជាតិ

កូរ៉េខាងជើងព្រមានកូរ៉េខាងត្បូង ជុំវិញគម្រោងធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក

 

(សេអ៊ូល)៖ ប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យូចុង បានព្រមានថា ប្រសិនបើកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធារួមគ្នា ជាមួយសហរដ្ឋអាមេរិកតាមការគ្រោងទុកពិតមែន នោះកិច្ចខិតខំប្រឹងប្រែងស្ដារទំនាក់ទំនងរវាងកូរ៉េទាំង ២ អាចនឹងត្រូវបានបំផ្លាញ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កូរ៉េខាងជើង KCNA។

ការព្រមានខាងលើរបស់អ្នកនាង គីម យូ ចុង ធ្វើឡើងនៅចំពេលកូរ៉េខាងជើង និងកូរ៉េខាងត្បូងកំពុងស្ថិតនៅក្នុងដំណាក់កាលចរចាដ៏សំខាន់ នៃការស្ដារទំនាក់ទំនងឡើងវិញ បន្ទាប់ពីភាគីទាំង២ ទើបតែយល់ព្រមតភ្ជាប់ខ្សែទូរស័ព្ទបន្ទាន់ ដែលទីក្រុងព្យុងយ៉ាងកាត់ផ្តាច់មួយឆ្នាំមុន។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA កាលពីចុងសប្ដាហ៍មុន អ្នកនាង គីម យូ ចុងបាននិយាយថារដ្ឋាភិបាល និងយោធាកូរ៉េខាងជើង កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ថា តើកូរ៉េខាងត្បូងនឹងចូលរួមធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក ឬក៏អាចធ្វើការសម្រេចចិត្តដ៏ធំមួយ។ អ្នកនាងបន្ថែថាសង្ឃឹម ឬគ្មានសង្ឃឹម វាមិនមែនអាស្រ័យលើកូរ៉េខាងជើងនោះទេ តែគឺស្ថិតលើការសម្រេចចិត្តរបស់កូរ៉េខាងត្បូង។

បើតាមការគ្រោងទុក សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនឹងធ្វើសមយុទ្ធយោធារួមគ្នា នៅក្នុងខែសីហានេះ៕

ប្រភព៖ Reuters

មតិយោបល់