(Reuters) - ជនជាតិអាហ្វហ្គានីស្ថានរាប់ពាន់នាក់បន្ថែមទៀត ដែលអាចជាគោលដៅនៃអំពើហិង្សារបស់ក្រុមតាលីបង់ ដោយសារតែសម្ព័ន្ធភាពរបស់ពួកគេទាំងនោះជាមួយសហរដ្ឋអាមេរិកនឹងមានឱកាសតាំងទីលំនៅថ្មី ក្នុងនាមជាជនភៀសខ្លួននៅសហរដ្ឋអាមេរិកក្រោមកម្មវិធីមួយដែលប្រកាសដោយក្រសួងការបរទេសកាលពីថ្ងៃច័ន្ទ ។
កាលពីព្រឹកថ្ងៃច័ន្ទ សារព័ត៌មានរ៉យទ័របានរាយការណ៍ជាលើកដំបូងថា ផែនការបង្កើតកម្មវិធីសម្រាប់ជនភៀសខ្លួននោះមានឈ្មោះថា “អាទិភាពពីរ” ដែលការពារជនជាតិអាហ្វហ្គានីស្ថានដែលបានធ្វើការសម្រាប់គម្រោងដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក និងសម្រាប់អង្គការក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងប្រព័ន្ធផ្សព្វផ្សាយនានា។
ក្រសួងការបរទេសបាននិយាយថា កម្មវិធីនេះអាចជួយដល់ជនជាតិអាហ្វហ្កានីស្ថាន “រាប់ពាន់នាក់” ដែលភៀសខ្លួននៅពេលដែលការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងនៅអាហ្វហ្គានីស្ថាន មុនពេលការដកទ័ពសហរដ្ឋអាមេរិកបញ្ចប់ជាផ្លូវការនៅចុងខែនេះ ខណៈដែលក្រុមតាលីបង់បានព្យាយាមដណ្តើមយកទីរួមខេត្តសំខាន់ៗ ។
ប្រធានាធិបតីលោក Joe Biden បានប្រឈមមុខនឹងសម្ពាធពីសមាជិកសភា និងក្រុមតស៊ូមតិក្នុងការជួយដល់ប្រជាជនអាហ្វហ្កានីស្ថាន ដែលកំពុងប្រឈមនឹងការវាយប្រហារសងសឹកដោយក្រុមតាលីបង់ ដោយសារប្រជាជន អាហ្វហ្កានីស្ថានបានចូលរួមជាមួយសហរដ្ឋអាមេរិកអំឡុងសង្គ្រាមរយៈពេល ២០ឆ្នាំ។
កម្មវិធីនេះអនុវត្តចំពោះជនជាតិអាហ្វហ្គានីស្ថាន ដែលមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់កម្មវិធីទិដ្ឋាការអន្តោប្រវេសន៍ពិសេស (SIV) ដែលការពារអ្នកបកប្រែ និងអ្នកផ្សេងទៀតដែលបានធ្វើការឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្រុមគ្រួសាររបស់ពួកគេ ៕
មតិយោបល់