ព័ត៌មានជាតិ

​កូរ៉េ​ខាងត្បូង​នៅ​មិន​ទាន់​មានការ​សម្រេចចិត្ត​​ស្តី​ពី​ធ្វើសមយុទ្ធ​យោធា​រួម​គ្នា​ជាមួយ​អាមេរិក​នោះ​ទេ បន្ទាប់​ពីមានការ​​ព្រមានពីកូរ៉េ​ខាងជើង​

(Reuters)​ -​ នៅ​ថ្ងៃ​ច័ន្ទ​កូរ៉េ​ខាងត្បូង​បាន​និយាយ​ថា​ ខ្លួន​នៅ​មិន​ទាន់​មានការ​សម្រេចចិត្ត​ណាមួយ​ស្តី​ពី​សមយុទ្ធ​យោធា​រួម​គ្នា​របស់​ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក​នោះ​ទេ​ ប៉ុន្តែ​សម​ប្រយុទ្ធ​នេះ​មិន​គួរ​បង្កើត​ភាព​តានតឹង​បន្ទាប់​ពី​កូរ៉េ​ខាងជើង​បាន​ព្រមាន​កូរ៉េ​ខាងត្បូង​ពី​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​នេះ​ ដែល​ជា​ សញ្ញា​រំសាយ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។​

​កូរ៉េ​ខាងត្បូង​ និង​សហរដ្ឋអាមេរិក​តែងតែ​ធ្វើ​សមយុទ្ធ​យោធា​ជា​ទៀងទាត់​ជា​ពិសេស​នៅ​និទាឃ​រដូវ​ និង​រដូវក្តៅ​ ដែល​កូរ៉េ​ខាងជើង​តែងតែ​ប្រកាស​ថា​ជា​ការ​ហាត់​សម​សម្រាប់​សង្គ្រាម​។​

​កាលពី​ថ្ងៃអាទិត្យ​ លោកស្រី​ Kim​ Yo​ Jong​ ប្អូនស្រី​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​ Kim​ Jong​ Un​ រួម​ជាមួយ​និង​មន្ត្រីជាន់ខ្ពស់​ដែល​កំពុង​កាន់​អំណាច​របស់​គណបក្ស​ពលករ​ បាន​ព្រមាន​ទីក្រុង​សេ​អ៊ូ​ល​ថា​ការ​ធ្វើ​សមយុទ្ធ​នេះ​នឹង​កាត់​បន្ថយ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​កសាង​ទំនាក់ទំនង​ឡើង​វិញ​។​

​ការ​ព្រមាន​របស់​លោកស្រី​បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​កូរ៉េ​ទាំង​ពីរ​បាន​ស្តារ​ឡើង​វិញ​នូវ​បណ្តាញ​ខ្សែ​ទូរស័ព្ទ​បន្ទាន់​ក្រុង​ព្យុ​ង​យ៉ាង​ ដែល​កាត់​ផ្តាច់​កាលពី​មួយ​ឆ្នាំ​មុន​ ហើយ​មន្ត្រី​កូរ៉េ​ខាងត្បូង​បាន​និយាយ​ថា​លោក​ Kim​ និង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​ Moon​ Jae-in​ កំពុង​ស្វែងរក​ការ​ជួសជុល​ទំនាក់ទំនង​ដែល​តានតឹង​ហើយ​បន្ត​កិច្ចប្រជុំ​កំពូល​ឡើង​វិញ​។​

​ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង​បាន​និយាយ​ថា​ ទីក្រុង​សេ​អ៊ូ​ល​ និង​វ៉ា​ស៊ី​ន​តោន​កំពុង​ចរចា​អំពី​សមយុទ្ធ​នេះ​ ប៉ុន្តែ​មិន​ទាន់​មានការ​សម្រេចចិត្ត​ណាមួយ​ត្រូវ​បាន​ធ្វើ​ឡើង​នោះ​ទេ​។​

​អ្នកនាំពាក្យ​ក្រសួង​លោក​ Boo​ Seung-chan​ បាន​ប្រាប់​សន្និសីទ​ខ្លី​មួយ​ថា​ “​ យើង​មិន​មាន​អ្វី​អត្ថាធិប្បាយ​លើ​សេចក្តីថ្លែងការណ៍​របស់​លោកស្រី​ទេ​ ប៉ុន្តែ​ទាក់ទង​នឹង​សមយុទ្ធ​យោធា​ ពេលវេលា​ និង​វិធីសាស្ត្រ​មិន​ទាន់​ត្រូវ​បាន​សម្រេច​នោះ​ទេ​”​ ។​

​លោក​បាន​និយាយ​ថា​ សម្ព័ន្ធមិត្ត​នឹង​ធ្វើការ​សម្រេចចិត្ត​បន្ទាប់​ពី​ពិចារណា​លើ​បញ្ហា​ COVID-19​ ឥរិយាបថ​ការពារ​រួម​គ្នា​ ផែនការ​ផ្ទេរ​ការ​ត្រួតពិនិត្យ​ប្រតិបត្តិការ​សង្គ្រាម​ និង​បញ្ហា​ “​គាំទ្រ​កិច្ច​ប្រឹងប្រែង​ការទូត​ដើម្បី​បង្កើត​សន្តិភាព​យូរអង្វែង​នៅ​ឧបទ្វីប​កូរ៉េ​”​ ។​

មតិយោបល់