ព័ត៌មានជាតិ

រុស្ស៊ីបង្ហាញសាច់ដុំតាមរយៈការធ្វើសមយុទ្ធយោធារួមគ្នាជាមួយអ៊ូសបេគីស្ថាន នៅក្បែរព្រំដែនអាហ្វហ្កានីស្ថាន

 

(ម៉ូស្គូ)៖ រុស្ស៊ីនឹងដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែក Tu-22M3 ឱ្យចូលរួមនៅក្នុងការធ្វើសមយុទ្ធយោធានៅប្រទេសអ៊ូសបេគីស្ថាន ក្បែរព្រំដែនប្រទេស អាហ្វហ្កានីស្ថាន ខណៈកងទ័ពអាមេរិកជិតដកចេញទាំងស្រុងពីប្រទេសអាស៊ីខាងត្បូងមួយនេះ។ នេះបើតាមក្រសួងការពារជាតិរុស្ស៊ី។

ក្រសួងការពារជាតិរុស្ស៊ីតាមរយៈការស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន Interfax បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហានេះ ទៀតថាយន្ដហោះទម្លាក់គ្រាប់បែក Tu-22M3 ចំនួន៤ គ្រឿងនឹងហោះចេញពីទីក្រុង Saratov ហើយនឹងត្រូវបានអមដំណើរដោយយន្ដហោះចម្បាំង MiG-29 របស់កងទ័ពអាកាសអ៊ូបេគីស្ថាន កំលុងការធ្វើ សមយុទ្ធយោធា។

ការធ្វើសមយុទ្ធយោធានេះកើតមានឡើងនៅចំពេលស្ថានការណ៍នៅអាហ្វហ្កានីស្ថានកាន់តែមានភាពចលាចល ក្នុងបរិបទដែលក្រុមតាលីបង់ ត្រូវបានគេ រាយការណ៍ថាបានវាយដណ្ដើមកាន់កាប់ទឹកដីកាន់តែច្រើនឡើង និងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាសហរដ្ឋអាមេរិកមានបំណងដាក់មូលដ្ឋានទ័ពនៅក្នុង តំបន់អាស៊ីកណ្ដាលដែលជាដែនឥទ្ធិពលរបស់រុស្ស៊ី៕

ប្រភព៖ Reuters

មតិយោបល់