(Reuters) - កាលពីថ្ងៃពុធ គ្រាប់រ៉ុក្កែតពីរគ្រាប់បានបាញ់ចេញប្រទេសលីបង់ វាយប្រហារទៅលើប្រទេសអ៊ីស្រាអែល ហើយប្រទេសអ៊ីស្រាអែលបានឆ្លើយតបដោយការបាញ់កាំភ្លើងធំ ខណៈដែលភាពតានតឹងក្នុងតំបន់កើនឡើងកាន់តែខ្លាំង ជុំវិញការចោទប្រកាន់ថាអ៊ីរ៉ង់បានវាយប្រហារនាវាដឹកប្រេងនៅតំបន់ឈូងសមុទ្រ កាលពីសប្តាហ៍មុន ។
សេវាកម្មរថយន្តសង្គ្រោះថ្នាក់ជាតិ Magen David Adom របស់អ៊ីស្រាអែលបាននិយាយថា មិនមានអ្នករងគ្រោះក្នុងទឹកដីអ៊ីស្រាអែលនៃព្រំដែនលើជួរភ្នំដែលគ្រាប់រ៉ុក្កែតបានផ្ទុះនោះឡើយ។
មិនទាន់មានការអះអាងភ្លាមៗអំពីការទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែត ដែលបាញ់ចេញពីតំបន់មួយនៅភាគខាងត្បូងប្រទេសលីបង់ ដែលក្រុម Hezbollah គាំទ្រដោយអ៊ីរ៉ង់បានលុកលុយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាអ៊ីស្រាអែលបាននិយាយថារ៉ុក្កែតចំនួន បីគ្រាប់ បានបាញ់ចេញពីប្រទេសលីបង់ ដោយមានមួយគ្រាប់ធ្លាក់ជិតព្រំដែនអ៊ីស្រាអែល និងមួយទៀតបាញ់ចូលទៅក្នុងទឹកដីអ៊ីស្រាអែល។ សាក្សីនៅប្រទេសលីបង់ក៏បានរាយការណ៍ដែរថាគ្រាប់រ៉ុក្កែតមួយចំនួនបានបាញ់មកលើអ៊ីស្រាអែល។
យោធាបាននិយាយថា “ដើម្បីជាការឆ្លើយតប កងកម្លាំងកាំភ្លើងធំរបស់អ៊ីស្រាអែលបានវាយប្រហារទឹកដីលីបង់” ។ ប្រហែលជាពីរម៉ោង បន្ទាប់ពីការបាញ់ផ្លោងដំបូង យោធាបាននិយាយថាកាំភ្លើងធំរបស់ខ្លួនបានបាញ់ម្តងទៀតទៅលើគោលដៅតាមបណ្តោយព្រំដែន ដែលខ្លួនមិនបញ្ជាក់អត្តសញ្ញាណ។
កងទ័ពលីបង់បាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែល បានលាតសន្ធឹងដល់ភូមិមួយចំនួននៅភាគខាងត្បូងប្រទេស បណ្តាលឲ្យឆេះនៅទីក្រុង Rashaya al-Fokh។ ដោយខ្លួនកំពុងស៊ើបអង្កេតដើម្បីដឹងថាអ្នកណាជាអ្នកបាញ់គ្រាប់រ៉ុកកែតចេញពីប្រទេសលីបង់ ៕
មតិយោបល់