ព័ត៌មានជាតិ

គំរូលតអង្ករ និងឈាមជ្រូកសរុបចំនួន ០៣ គីឡូក្រាម ដែលមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក ត្រូវបានមន្ត្រីសាខាកាំកុងត្រូល រកឃើញនៅបណ្តាផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ មន្ត្រីសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ និងសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដោយមានការសហការចូលរួមពីមន្ត្រីនាយកដ្ឋានមន្ទីរពិសោធន៍ មន្ត្រីមន្ទីរពាណិជ្ជកម្មរាជធានី និងគណៈកម្មការផ្សារ ចុះអង្កេត ស្រាវជ្រាវ និងទប់ស្កាត់ នូវទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ទំនិញមានសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដោយមានការគាំទ្រពីរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន នៅផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ។

ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូពីផ្សារចំនួន ៦ ក្នុងនោះមាន៖ ផ្សារធំច្បារអំពៅ ផ្សារបន្លែច្បារអំពៅ ផ្សារព្រែកឯង ផ្សារចំពុះក្អែក ផ្សារព្រែកប្រា និងផ្សារអូឡាំពិក ដែលសរុបចំនួន ៨៤ គំរូ រួមមាន៖ គ្រឿងសមុទ្រ ជ្រក់គ្រប់មុខ បន្លែគ្រប់មុខ សរសៃមី នំបញ្ចុក បាញ់ហយ ប្រហិតត្រី ឈាមជ្រូក និងផ្លែឈើ ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញភាពមិនប្រក្រតីនៅក្នុងគំរូលតអង្ករ និងឈាមជ្រូកចំនួនសរុបចំនួន ០៣ គីឡូក្រាម ដែលមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក (Borax)។ មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ មករក្សាទុកដើម្បីកម្ទេចចោលនៅពេលក្រោយ និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕

ក្នុ្ងងឱកាសនោះដែរ ក្នុងគោលបំណងរក្សាស្ថេរភាពថ្លៃទំនិញនៅលើទីផ្សារ ការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ទប់ស្កាត់ការលក់ទំនិញបំប៉ោងថ្លៃ កឹបកេងយកផលចំណេញហួសហេតុពីអ្នកទិញ មន្ត្រីកាំកុងត្រូល បានអនុវត្តសកម្មភាពចុះអង្កេត និងស្រង់ថ្លៃទំនិញសំខាន់ៗ មួយចំនួន មានដូចជា៖ ម៉ាស់ការពារ ទឹកសម្លាប់មេរោគ និងផលិតផលម្ហូបអាហារសំខាន់ៗ មួយចំនួនដែលដាក់តាំងលក់នៅលើទីផ្សារ ដើម្បីស្វែងរកបទល្មើស ឈានទៅអនុវត្តវិធានការច្បាប់ចំពោះជនខិលខូចទាំងនោះ៕

 

មតិយោបល់