ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទៅកងទ័ពឱ្យបញ្ចេញរថយន្តរហូតដល់ ២០០គ្រឿង ទៅដឹកជញ្ជូនពលករខ្មែរដែលបានធ្វើចត្តាឡីស័ករយៈពេល ១សប្ដាហ៍រួចមកហើយនៅតាមបណ្ដាខេត្តជាប់ព្រំដែន ឱ្យមកបន្តធ្វើចត្តាឡីស័កបន្ថែមទៀតនៅតាមបណ្ដាខេត្តជាស្រុកកំណើតរបស់ពួកគេ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបញ្ជាបែបនេះនៅក្នុងសារជាសំឡេងដែលត្រូវបានចែកចាយតាមប្រព័ន្ធបញ្ជូនសារតេឡេក្រាមនៅល្ងាចថ្ងៃនេះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «កិច្ចការទីពីរ គឺសុំឱ្យកងអង្គភាពដឹកជញ្ជូនរបស់កងយោធពលខេមរភូមិន្ទ ហើយត្រូវបញ្ជូនរថយន្តបន្ថែមទៅពីខាងក្រោយដែលត្រៀមរៀបចំប្រមាណជា ២០០គ្រឿង ដឹកជញ្ជូនបងប្អូនដែលបានធ្វើចត្តាឡីស័កនៅតាមមណ្ឌលតាមព្រំដែនកម្ពុជា-ថៃចំនួន ៧ថ្ងៃរួចមកហើយនោះ ត្រូវដឹកជញ្ជូនបងប្អូនទាំងនេះ ចូលមកកាន់ខេត្តខាងក្រោយ ប្រគល់ឱ្យខេត្ត និងរាជធានីខាងក្រោយដើម្បីឱ្យបន្តធ្វើចត្តាឡីស័កនៅខាងក្នុង»។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការសម្រេចបែបនេះ គឺដើម្បីផ្ដល់ទីកន្លែងចត្តាឡីស័កទៅដល់ពលករខ្មែរថ្មីទៀត ដែលទើបវិលត្រឡប់ពីប្រទេសថៃ ឆ្លងដែនមកដល់ប្រទេសកំណើតវិញ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបញ្ជាបែបនេះ បន្ទាប់ពីបានទទួលដំណឹងថា ពលរដ្ឋខ្មែរកាន់តែច្រើន បានសម្រុកវិលត្រឡប់ពីប្រទេសថៃ ចូលមកប្រទេសកំណើតវិញនាពេលថ្មីៗ បន្ទាប់ពីប្រទេសថៃប្រឈមមុខនឹងការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩រឹតតែធ្ងន់ធ្ងរឡើង៕
✍️សារសំឡេងពិសេសម្តេចតេជោ ហ៊ុន សែន ថ្លែងថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២១
មតិយោបល់