បន្ទាប់ពីរំកិលបម្រាមគោចរពីម៉ោង ១០យប់មកដល់ម៉ោង ៨យប់ រដ្ឋធានី ម៉ានីល ដែលមានប្រជាជនរស់នៅជាង ១៣លាននាក់ ត្រូវបិទខ្ទប់ រយៈពេល ២សប្តាហ៍ ដោយគិតចាប់ពីថ្ងៃសុក្រនេះ រហូតថ្ងៃទី ២០សីហា។ វិធានការរឹតបន្តឹង ត្រូវបានពង្រីកដល់តំបន់ផ្សេងទៀត របស់ហ្វីលីពីន ដែលមេរោគកូវីដកំពុងឆ្លងរាលដាលខ្លាំង។
នៅថ្ងៃសុក្រ ក្រសួងសុខាភិបាលហ្វីលីពីនបានប្រកាសករណីឆ្លងថ្មី ជាង ៨ពាន់ករណី (៨៥៦២) និងមនុស្សស្លាប់១៤៥នាក់ ក្នុងរយៈពេល តែ ២៤ម៉ោង។ ជាចំនួនដ៏ច្រើនបំផុត ដែលហ្វីលីពីនមិនធ្លាប់មាន នៅក្នុងរយៈពេល ២ខែចុងក្រោយនេះ។ គិតរហូតមកដល់ថ្ងៃសុក្រ ហ្វីលីពីនរកឃើញអ្នកឆ្លងមេរោគកូវីដបំប្លែងខ្លួន “ដែលតា“ តែជាង ៣០០នាក់ ប៉ុណ្ណោះ ប៉ុន្តែ អ្នកជំនាញបារម្ភថា មេរោគ ដែលតា ដែលឆ្លងលឿនខ្លាំង នឹងអាចវាយបោក ប្រព័ន្ធសុខាភិបាល ហ្វីលីពីន បើសិន គេមិនចាត់វិធានការបិទខ្ទប់ ដើម្បី កាត់បន្ថយ ការចម្លងមេរោគ នៅក្នុងសហគមន៍។
តាំងពីព្រឹកថ្ងៃសុក្រ ប៉ូលិសហ្វីលីពីនបានត្រួតពិនិត្យ យ៉ាងតឹងរ៉ឹង ដើម្បីហាមឃាត់ ការធ្វើដំណើររបស់អ្នកដែលគ្មានការងារចាំបាច់។ វិធានការបិទខ្ទប់ទីក្រុងម៉ានីល ដែលនៅក្នុងនោះមានផងដែរ ការហាមក្មេងៗឲ្យចេញក្រៅផ្ទះ បានប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចហ្វីលីពីន។ តាមក្រសួងសេដ្ឋកិច្ចហ្វីលីពីន វិធានការបិទខ្ទប់លើកនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចហ្វីលីពីនខាតបង់ ជាង ៤ពាន់លានដុល្លារ កាត់បន្ថយការងារ ជាង ៤សែន ចំណែកមនុស្ស ជាង ១សែននាក់បន្ថែមទៀត នឹងធ្លាក់ខ្លួន ក្នុងភាពក្រីក្រ។
ធ្លាប់រងគ្រោះខ្លាំងទី ២ នៅអាស៊ី ហ្វីលីពីនមានអ្នកឆ្លងកូវីដសរុប ជាង ១លាននាក់ (១,៦)នាក់ និងមានមនុស្សស្លាប់ ជិត ៣ម៉ឺននាក់។ ដោយសារខ្វះខាតវ៉ាក់សាំង និងបញ្ហា ទីតាំង ហ្វីលីពីនដែលមានប្រជាជនសរុបជាង ១១០លាននាក់ បានចាក់ថ្នាំបង្ការកូវីដ ឲ្យប្រជាជនរបស់ខ្លួនតែ ជាង ១០លាននាក់ប៉ុណ្ណោះ។ ប្រឈមនឹងការឆ្លងរាលដាលខ្លាំងមេរោគ “ដែលតា” ចៅហ្វាយក្រុងម៉ានីលបានប្រកាសថា នឹងបង្កើនចំនួនអ្នកចាក់វ៉ាក់សាំង ពី ១សែន ៥ម៉ឺន ទៅ ២សែន ៥ម៉ឺននាក់ ក្នុងមួយថ្ងៃ។ ដោយសារខ្លាច ត្រូវគេបិទខ្ទប់ មិនឲ្យដើរចេញក្រៅផ្ទះ ប្រជាជនហ្វីលីពីន បានសម្រុកទៅតម្រង់ជួរ រង់ចាំចាក់វ៉ាក់សាំង បង្ការកូវីដ តាំងពីថ្ងៃព្រហស្បតិ៍ ពោលគឺនៅបន្ទាប់ពីប្រធានាធិបតីហ្វីលីពីន លោកឌុយទែរតេ បានព្រមានថា រាល់អ្នកដែលមិនបានចាក់វ៉ាក់សាំង ត្រូវស្ថិតនៅតែក្នុងផ្ទះ៕
មតិយោបល់