ព័ត៌មានជាតិ

អង់គ្លេសប្រាប់ UN ថាអ៉ីរ៉ង់ជាអ្នកវាយប្រហារលើកប៉ាល់ដឹកប្រេងរបស់អ៉ីស្រាអែល

 

(ញូយ៉ក)៖ ឯកអគ្គរាជទូតអង់គ្លេសប្រចាំអង្គការសហប្រជាជាតិ លោកស្រី Barbara Woodward បាននិយាយថាប្រទេសរបស់លោកស្រីបានបង្ហាញភស្តុតាងដល់ ក្រុមប្រឹក្សាសន្តិសុខ ដែលអាចបញ្ជាក់បានថាអ៉ីរ៉ង់គឺជាអ្នកនៅពីក្រោយការវាយប្រហារលើកប៉ាល់ដឹកប្រេងមួយគ្រឿង នៅឯឈូងសមុទ្រអូម៉ង់កាលពីសប្ដាហ៍មុន។

កប៉ាល់ដឹកប្រេង MV Mercer Street ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមួយដែលមានម្ចាស់ជាមហាសេដ្ឋីអ៉ីស្រាអែល មានទីស្នាក់ការនៅក្នុងទីក្រុងឡុងដ៍ បានរងការ វាយប្រហារនៅក្នុងដំណើរផ្លូវចេញពីប្រទេសតង់ហ្សានី ឆ្ពោះទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីសប្ដាហ៍មុន ហើយនាវិកពីររូប ម្នាក់ជាជនជាតិរូម៉ានី និងម្នាក់ទៀតជាជនជាតិអង់គ្លេសបានស្លាប់នៅក្នុងការវាយប្រហារនេះ។

បើតាមលោកស្រី ការអះអាងរបស់ចក្រភពអង់គ្លេស គឺផ្អែកទៅលើបំណែកកម្ទេចកម្ទីមួយចំនួនយកចេញពីកប៉ាល់ដឹកប្រេងឈ្មោះ MV Mercer Street ដោយប្រព័ន្ធ ដែលត្រូវបានគេប្រើដើម្បីវាយប្រហារកប៉ាល់ដឹកប្រេងនេះគឺជាប្រភេទយន្ដហោះដ្រូន Shahed-136 UAV ផលិតនៅក្នុងប្រទេសអ៉ីរ៉ង់តែមួយគត់។

«ភស្តុតាងបានបង្ហាញយ៉ាងច្បាស់។ ចក្រភពអង់គ្លេសជឿជាក់ថា អ៉ីរ៉ង់គឺជាអ្នកទទួលខុសត្រូវលើការវាយប្រហារនេះដែលធ្វើឡើងចេតនា និងមានគោលដៅ ច្បាស់លាស់»។ នេះជាការគូសបញ្ជាក់របស់លោកស្រី Barbara Woodward នៅក្នុងសេចក្ដីថ្លែងការណ៍មួយក្រោយកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខ នៅថ្ងៃសុក្រសប្ដាហ៍នេះ។

ក៏ប៉ុន្តែ តំណាងបេសកកម្មទូតអ៉ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានច្រានចោលរាល់ការចោទប្រកាន់ថាអ៉ីរ៉ង់ជា អ្នកនៅពីក្រោយការវាយប្រហារកប៉ាល់ដឹកប្រេង MV Mercer Street របស់ក្រុមហ៊ុនមួយរបស់អ៉ីស្រាអែលមានទីស្នាក់ការនៅក្នុងទីក្រុងឡុងដ៍ ដោយបញ្ជាក់យ៉ាងខ្លី ថាវាជារឿងមិនពិត និងគ្មានមូលដ្ឋានអ្វីទាំងអស់៕

ប្រភព៖​​​​​​​ Reuters

មតិយោបល់