ព័ត៌មានជាតិ

សាហាវណាស់! ចៅប្រុសខ្វះលុយបង់រំលោះម៉ូតូ វាយប្លន់ជីដូនខ្លួន អាយុ ៨៤ឆ្នាំ ញាត់ចូលព្រៃ នៅខេត្តពោធិ៍សាត់

​ពោធិ៍សាត់ៈ​ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ចៅប្រុស​ដែល​បាន​ប្លន់​វាយ​យក​លុយ​ មាស​ និង​ទូរ​ស័​ព្ទដៃ​ពី​លោកយាយ​ អាយុ​៨៤​ឆ្នាំ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ កាលពី​ថ្ងៃ​ទី​៧​ ខែកញ្ញា​ ឆ្នាំ​២០២០​ វេលា​ម៉ោង ​១៣​និង​៤៥​នាទី​ ស្ថិត​នៅ​ភូមិ​ស្នាយ​ទោល​ ឃុំ​ត្រពាំង​ជង​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ ។​

​តាម​របាយការណ៍​របស់​ មន្ត្រី​នគរបាល​មូលដ្ឋាន​ បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ​ ពេជ្រ​ ហាន​ អាយុ​ ៨៤​ឆ្នាំ​ ភេទ​ស្រី​ រស់នៅ​ភូមិ​គក​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍សាត់​ សព្វថ្ងៃ​បាន​មក​ ស្នាក់​នៅ​វត្ត​ពោធិ៍​ ទស្សន៍​ សង្កាត់​ស្វាយ​អាត់​ ក្រុង​ពោធិ៍សាត់​ ។​

​របាយការណ៍​បាន​បញ្ជាក់​ថា​ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ឈ្មោះ​ ពេជ្រ​ ហាន​ ភេទ​ស្រី​ អាយុ​ ៨៤​ឆ្នាំ​ បាន​ធ្វើ​ដំណើរ​ពី​វត្ត​ពោធិ៍​ទស្សន៍​មក​ធ្វើបុណ្យ​នៅ​វត្ត​កោះ​ក្រសាំង​ ឃុំ​ស្នាម​ព្រះ ​ស្រុក​បាកាន​ លុះដល់​ម៉ោង​ប្រហែល ​០៩​ព្រឹក​ថ្ងៃ​ទី​៦​ ខែកញ្ញា​ ឆ្នាំ​២០២០​ មាន​ចៅ​ជីដូនមួយ​របស់​គាត់​ឈ្មោះ​ សឿ​ន​ ចាន់​រិ​ទ្ធ​ (​ហៅ​ ង៉ាំ​)​ ភេទ​ប្រុស​ អាយុ​ ២៤​ឆ្នាំ​ រស់នៅ​ភូមិ​គក​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍សាត់​ បាន​ជិះ​ម៉ូតូ​មក​ប្រាប់​គាត់​ថា​ យាយៗ​ម៉ែ​ខ្ញុំ​ឲ្យ​មក​តាម​ហៅ​យាយ​ទៅ​ធ្វើបុណ្យ​នៅ​អូរ​តា​ប៉ោង​ បន្ទាប់​មក​ឈ្មោះ​ង៉ាំ​ ក៏​បាន​ជិះ​ម៉ូតូឌុប​យាយ​ឈ្មោះ​ពេជ្រ​ ហាន​ តាម​ខ្នង​ប្រឡាយ​ទឹក​ខណៈ មក​ដល់​ប្រឡាយ​ស្នាយ​ទោល​ ឃុំ​ត្រពាំង​ជង​ ក៏​ឈប់​ម៉ូតូ​ឈ្មោះ​ ង៉ាំ​ បាន​វាយ​លោកយាយ​បណ្តាល​ឲ្យ​មាន​របួស​ស្នាម​សន្លប់​ដេក​ក្នុង​ស្រែ​ រួច​ហើយ​ជនសង្ស័យ​ត្រូវជា​ចៅ​ប្លន់​យក​ទ្រព្យសម្បត្តិ​ពី​លោកយាយ​ បាន​លុយ​ ៨០​ម៉ឺន​រៀល​ ខ្សែ​ក​មាស​៣​ជី​ ទូរស័ព្ទ​០១​គ្រឿង​ រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​រហូត​ដល់​ម៉ោង​ ១៥​និង​០៥​នាទី​នា​ថ្ងៃ​ដដែល​ ទើប​សមត្ថកិច្ច​ទទួល​ព័ត៌មាន​ពី​លោក​មេ​ភូមិ​ស្នាយ​ទោល​ឃុំ​ត្រពាំង​ជង​ថា​ មាន​មនុស្ស​ស្រី​ម្នាក់​ដេក​នៅ​ក្នុង​ស្រែ​ជាប់មាត់​ប្រឡាយ​ស្នាយ​ទោល​ របាយការណ៍​បាន​បន្ត​ថា​ ក្រោយ​ពី​ទទួល​ បាន​ព័ត៌មាន​លោក​អធិការ​ក៏​បាន​ចាត់​កម្លាំង​ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ប្រទះ​ឃើញ​ស្ត្រី​ម្នាក់​អាយុ​ប្រហែល​ជាង​៨០​ឆ្នាំ​ កំពុង​ដេក​នៅ​ក្នុង​ស្រែ​មាន​ស្ថានភាព​វង្វេងស្មារតី​ មិន​អាច​សួរនាំ​អ្វី​បាន​សមត្ថកិច្ច​ក៏​ដឹក​លោកយាយ​មក​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ​ត្រពាំង​ជង​ ។​

​លុះ​ព្រឹក​ ថ្ងៃ​ទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០២០​ម្សិលមិញ​នេះ​ សមត្ថកិច្ច​បាន​ចុះ​ទៅ​សាកសួរ​ព័ត៌មាន​ ទើប​ដឹង​ហេតុការណ៍​ដូច​បាន​រៀបរាប់​ខាងលើ​នេះ​ ក្រោយ​ពី​ធ្វើ​សកម្មភាព​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​រហូត​ដល់​ម៉ោង​១៣​និង​៤៥​នាទី​ម្សិលមិញ​ ទើប​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​សឿ​ន​ រិ​ទ្ធ​ ហៅ​ ង៉ាំ​ យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សួរនាំ​។​

​ក្រោយ​ពី​សមត្ថកិច្ច​ចាប់​ឃាតខ្លួន​ជនសង្ស័យ​ឈ្មោះ​ សឿ​ន​ ចាន់​រិ​ទ្ធ​ បាន​សារភាព​ថា​ ដោយ​រូបគេ​ខ្វះ​លុយ​បង់​រំ​លោះ​ម៉ូតូ​ ទើប​រូបគេ​ហ៊ាន​វាយ​ជីដូន​និង​ដំបង​ ច្របាច់ករ​ញាត់​ចូល​ព្រៃ​ រួច​បោះ​ទូរ​ស័​ព្ទ​ចោល​ ហើយ​ស្មាន​តែ​គាត់​ស្លាប់​ក៏​ជិះ​ម៉ូតូ​បាត់​ទៅ​ ។​

​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​៕

មតិយោបល់