តាមភស្តុតាងនៅតុលាការក្រុងញ៉ូវយ៉ក គឺ បុរសជនជាតិភូមា២នាក់ នេះ បានគំរាមឯកអគ្គរដ្ឋទូតភូមា ប្រចាំនៅអង្គការសហប្រជាជាតិ ឲ្យលាឈប់ចុះចេញពីតំណែង ហើយបើលោកទូតមិនលាឈប់ទេ ពួកគេនឹងសម្លាប់លោកទូត។ តាមពាក្យប្តឹងគឺ ជនជាប់សង្ស័យទាំងពីរ បានរៀបចំគម្រោងការវាយប្រហារលោកទូតភូមា ដែលប្រុងធ្វើឡើងនៅភាគខាងជើងក្រុងញ៉ូវយក។ ពួកគេទាំងពីរបានសន្ទនាគ្នា ថាប្រុងចាក់បំបែកកង់ឡានរបស់លោកទូត ឲ្យមានគ្រោះថ្នាក់ស្លាប់។ បុរសទាំង២ប្រដាប់ដោយអាវុធ ដែលបានលួចទិញពីឈ្មួញខុសច្បាប់ តាមប្រទេសថៃ ពីក្រុមបក្សពួកដែលស្និទ្ធនឹងរបបសឹកភូមា។
រដ្ឋអាជ្ញាក្រុងញ៉ូវយ៉ក លោកស្រី Audrey Strauss បានប្រកាសថា គម្រោងការបង្កហិង្សាបង្ហូរឈាម ឬធ្វើឃាតឯកអគ្គរដ្ឋទូតភូមា ប្រចាំនៅអង្គការសហប្រជាជាតិ គឺប្រុងធ្វើឡើងនៅលើទឹកដីអាមេរិក។ សំណាងហើយ ដែលប៉ូលីស FBI អាមេរិក បានដឹងជាមុន និងបានចាប់ខ្លួនពួកគេ បានទាន់ពេលវេលា។ បុរសជាប់ចោទបទឧក្រិដ្ឋ ទាំង២នាក់នេះ ម្នាក់ អាយុ២៨ឆ្នាំ ម្នាក់ទៀត វ័យ២០ឆ្នាំ។ បើតាមច្បាប់សហព័ន្ធអាមេរិក ពួកគេអាចនឹងត្រូវប្រឈមមុខ ជាប់ពន្ធនាគារ ចំនួន ៥ឆ្នាំ។
កាលពីថ្ងៃពុធ ឯកអគ្គរដ្ឋទូតភូមា ប្រចាំនៅអង្គការសហប្រជាជាតិ គឺលោក Kyaw Moe Tun ធ្លាប់បានប្រាប់អ្នកកាសែតដែរ ថា បានទទួលរងការគំរាម ហើយលោកស្នើសុំឲ្យមានការការពារសុវត្ថិភាព។ នាពេលបាតុកម្មកន្លងមក ធ្វើនៅបុរីញ៉ូវយ៉ក ឯកអគ្គរដ្ឋទូតភូមា បានចេញមុខជាចំហគាំទ្រចលនាបាតុកម្ម ប្រឆាំងនឹងរបបសឹក ដែលធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈ។ របបសឹកភូមា បានបញ្ជាឲ្យលោកលាឈប់ពីមុខតំណែង ដើម្បីតែងតាំងឯកអគ្គរដ្ឋទូតថ្មីជំនួស ក៏ប៉ុន្តេ លោកទូតមិនព្រមសោះ ហើយដោយនៅតែអះអាងថា លោកនៅតែជាអ្នកតំណាងរដ្ឋាភិបាលស្របច្បាប់ស៊ីវិលភូមាដដែល។
គួរជ្រាបថា នៅស្រុកភូមា វិបត្តិរដ្ឋប្រហារ ជាងកន្លះឆ្នាំមកនេះ បានសម្លាប់មនុស្ស អស់ប្រមាណ ជាង៩០០នាក់៕
មតិយោបល់