ព័ត៌មានជាតិ

កម្ពុជាប្រាប់ថៃថា ពលរដ្ឋទាំង២៩នាក់ ជាជនរងគ្រោះ ត្រូវបានគេបោកឲ្យចូលទៅលីសែងឈើទេ

ភ្នំពេញ : ក្រោយពីមានព័ត៌មានចុះផ្សាយនាពេលថ្មីៗនេះថា អាជ្ញាធរថៃ បានឃាត់ខ្លួនពលករខ្មែរចំនួន២៩នាក់ ដែលបានចូលទៅកាប់ឈើ នៅក្នុងតំបន់ឧទ្យានជាតិថាប់ឡាន ខេត្តប្រាជីនបុរី ប្រទេសថៃ ក្រសួង ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានណែនាំ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ ឲ្យចុះពិនិត្យដោះស្រាយ អំពីករណីនេះ។ នេះបើតាមឲ្យដឹងពី លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦។

លោក ជុំ សុន្ទរី បន្តថា ស្ថានអគ្គកុងស៊ុលកម្ពុជា បានចុះជួបផ្ទាល់ជាមួយលោកអភិបាលស្រុក ណាឌី ខេត្តប្រាជីនបុរី និងពលរដ្ឋខ្មែរ ដែលពាក់ព័ន្ធនឹងករណីនោះ ដើម្បីសាកសួរព័ត៌មាន ហើយបានទទួលព័ត៌មានដូចខាងក្រោម ៖ នៅព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ អាជ្ញាធរថៃមួយក្រុមបានចុះព័ទ្ធចាប់ពលរដ្ឋខ្មែរ មួយក្រុមដែលបានចូលទៅជញ្ជូនឈើក្រញូងពីលើភ្នំ ចុះមកវាលរាប នៅក្នុង ឧទ្យានជាតិ ថាប់ឡាន ខេត្តប្រាជីនបុរី។ នាពេលនោះមានជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានបាញ់កាំភ្លើង មួយគ្រាប់ ដើម្បីជាសញ្ញា ឲ្យពលរដ្ឋខ្មែរបំបែកហ្វូងរត់។ ពុំមានព្រឹត្តិការណ៍ផ្ទុះអាវុធរវាងអាជ្ញាធរថៃ និងពលរដ្ឋខ្មែរ កាប់ឈើខុសច្បាប់ នោះទេ។ ពលរដ្ឋខ្មែរបែកហ្វូងត្រូវអាជ្ញាធរថៃចាប់បានចំនួន១១នាក់។ ចំណែកពលរដ្ឋខ្មែរ ១៨ នាក់ ទៀត បានឲ្យប៉ូលិសថៃចាប់ខ្លួនព្រោះពួកគេមិនស្គាល់ផ្លូវ។

អ្នកនាំពាក្យរូបនេះបន្ថែមថា ៖ ពលរដ្ឋខ្មែរទាំង ២៩នាក់ បានសារភាពថាក្រុមខ្លួនមានគ្នាទាំងអស់៦០នាក់ បានចូលទៅ ថៃជាង១០ថ្ងែហើយ ដោយមានមេខ្យល់បបួលពួកគាត់ចូលទៅកាប់ឈើអាកាស្យានៅថៃ សន្យាថាឲ្យ១ដើម២០០បាត។ ពួកគាត់ត្រូវចែកជា២ក្រុម ឡើងទៅលីឈើដែលថៃកាប់ ហើយស្រាប់ចុះមក។ ពលរដ្ឋខ្មែរទាំង២៩នាក់ត្រូវនាំទៅបុស្តិ៍ប៉ូលិស រួមទាំងវត្ថុតាងគ្រឿងយន្តអារឈើ១ និង រថយន្ត ជនជាតិថៃ០១ គ្រឿង។ ដោយឡែកនៅព្រលប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០១៦ មានពលរដ្ឋខ្មែរ១៨នាក់ ផ្សេងទៀត បានចូលខ្លួនឲ្យអាជ្ញាធរថៃចាប់ ដោយហេតុថាពួកគាត់មិនស្គាល់ផ្លូវ។ អាជ្ញាធរថៃ នឹងបញ្ជូនពលរដ្ឋខ្មែរទាំងអស់នោះ ទៅតុលាការ ពីបទឆ្លងដែន ខុសច្បាប់ចូល ប្រទេសថៃ។

លោក ជុំ សុន្ទរី បញ្ជាក់ថា ស្ថានអគ្គកុងស៊ុលកម្ពុជា បានពន្យល់ប្រាប់អាជ្ញាធរថៃថា ពលរដ្ឋខ្មែរខាងលើជាជនរងគ្រោះ ត្រូវ បានគេបោកបញ្ឆោតឲ្យចូលទៅលីសែងឈើទេ ចំណែកឧបករណ៍អារឈើពុំមែនជារបស់ពួកគាត់ដែរ។ ស្ថានអគ្គកុងស៊ុលនឹងសហការជាមួយអាជ្ញាធរថៃ ដើម្បីពិនិត្យលទ្ធភាពកសាងសំណុំរឿងធ្វើយ៉ាងណាជួយ សំរួលសំរាលទោស និងរកមេធាវីការពារក្តីដល់ពួកគាត់នៅពេលឡើងតុលាការនាពេលខាងមុខ៕

មតិយោបល់