កិច្ចប្រជុំអន្ដរជាតិពីរបន្តគ្នាកំពុងរៀបចំនៅប្រទេសកាតានៅសប្តាហ៍នេះដើម្បីដាក់សម្ពាធឱ្យភាគីច្បាំងគ្នានៅប្រទេសអាហ្វហ្គានីស្ថានបន្តការចរចាសន្តិភាពនិងធ្វើកិច្ចព្រមព្រៀងមុនជម្លោះរាលដាលមិនអាចគ្រប់គ្រងបាន។
កិច្ចប្រឹងប្រែងផ្នែកការទូតនេះបានកើតឡើងនៅពេលដែលក្រុមបះបោរតាលីបង់បានរុលទៅមុខខ្លាំងក្នុងសមរភូមិ ទោះបីជាសហរដ្ឋអាមេរិកនៅតែបន្តការវាយប្រហារតាមអាកាសគាំទ្រដល់កងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថានក្តី។
ជំនួបនេះធ្វើឡើងក្រោយការព្រមានកាលពីសប្តាហ៍មុនដោយអង្គការសហប្រជាជាតិថា៖ «សង្រ្គាមនៅអាហ្វហ្គានីស្ថានបានឈានចូលដំណាក់កាលថ្មីដែលកាន់តែគ្រោះ ថ្នាក់ និងកាន់តែបំផ្លិចបំផ្លាញ»។
អ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសអាហ្វហ្គានីស្ថានលោក Zalmay Khalilzad និងសមភាគីរបស់លោកមកពីប្រទេសរុស្ស៊ី ចិន និងប៉ាគីស្ថាននឹងជួបគ្នានៅរាជធានីដូហានៃប្រទេសកាតានៅថ្ងៃពុធ។
ក្រុមដែលផ្តួចផ្តើមគំនិតដោយរដ្ឋាភិបាលក្រុងមូស្គូនេះធ្វើការពិគ្រោះយោបល់ជាប្រចាំអំពីវិធីគាំទ្រការចរចារវាងអាហ្វហ្គានីស្ថានដើម្បីជួយឱ្យភាគីនានាសម្រេចបានដំណោះស្រាយនយោបាយ និងបទឈប់បាញ់ជាអចិន្ត្រៃយ៍និងទូលំទូលាយ។
វីអូអេបានដឹងពីប្រភពដែលអាចទុកចិត្តបាននៅក្រសួងការបរទេសប៉ាគីស្ថានថា ក្រុមនេះនឹងពិគ្រោះយោបល់មុនជំនួបនៅរាជធានីដូហាជាមួយក្រុមតាលីបង់ និងតំណាងរដ្ឋាភិបាលក្រុងកាប៊ុលដែលកំពុងចូលរួមក្នុងការចរចាសន្តិភាពរវាងអាហ្វហ្គានីស្ថានដែលមានភាពយឺតយ៉ាវនៅទីនោះ៕
មតិយោបល់