ចិន និងអាមេរិក ប្រឈមមុខគ្នាសាជាថ្មី នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្ដិសុខនៃអង្គការសហប្រជាជាតិជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។ នេះបើតាម Reuters នៅថ្ងៃទី៩ សីហា។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានរិះគន់សកម្មភាពរបស់ចិនជុំវិញបញ្ហាសមុទ្រចិនខាងត្បូង ដោយលើកឡើងថា ជម្លោះនៅតំបន់នេះនឹងមានផលវិបាកធ្ងន់ធ្ងរជាសកលដល់សន្តិសុខ និងពាណិជ្ជកម្ម ព្រមទាំងបង្ហាញពីការព្រួយបារម្ភចំពោះសកម្មភាពដែលបំភិតបំភ័យ និងរារាំងរដ្ឋដទៃទៀតពីការចូលប្រើប្រាស់ធនធានដែនសមុទ្ររបស់ពួកគេដោយស្របច្បាប់។
នៅពេលរដ្ឋមួយមិនប្រឈមនឹងផលវិបាកពីការមិនអើពើចំពោះច្បាប់ នោះនឹងជំរុញឱ្យមាននិទ្ទណ្ឌភាព និងអស្ថិរភាពកាន់តែច្រើនឡើងនៅគ្រប់ទីកន្លែង។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតរងចិនប្រចាំអង្គការសហប្រជាជាតិលោក Dai Bing បានចោទប្រកាន់អាមេរិកថា បង្កបញ្ហាដោយបញ្ជូននាវា និងយន្តហោះយោធាទំនើបៗតាមអំពើចិត្តចូលទៅក្នុងដែនសមុទ្រ និងព្យាយាមជាសាធារណៈ ដើម្បីធ្វើឱ្យមានការបែកបាក់រវាងបណ្ដាប្រទេសក្នុងតំបន់។
អាមេរិកខ្លួនឯង បានក្លាយជាការគំរាមកំហែងធំបំផុតចំពោះសន្តិភាព និងស្ថិរភាពនៅដែនសមុទ្រចិនខាងត្បូង។
ប្រភព៖ Reuters
មតិយោបល់