ព័ត៌មានជាតិ

លោក​ Antony​ Blinken​ បាន​និយាយ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​រ៉ា​ប៊ី​សា​អូឌីត​និង​បាន​អំពាវនាវ​ជា​ថ្មី​ចំពោះ​ការ​រីក​ចម្រើន​លើ​បញ្ហា​សិទ្ធិ​មនុស្ស

កាលពី​ថ្ងៃ​ចន្ទ​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​ក​លោក​ Antony​ Blinken​ បាន​និយាយ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​រ៉ា​ប៊ី​សា​អូឌីត​លោក​ Faisal​ bin​ Farhan​ Al​ Saud​ និង​បាន​អំពាវនាវ​ជា​ថ្មី​ចំពោះ​ការ​រីក​ចម្រើន​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ ។​

​សេចក្តីថ្លែងការណ៍​មួយ​របស់​ក្រសួងការបរទេស​បាន​និយាយ​ថា​លោក​ Blinken​ និង​រដ្ឋមន្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ពិភាក្សា​អំពី​សន្តិសុខ​ក្នុង​តំបន់​ និង​ការ​វាយប្រហារ​កាលពី​ខែ​មុន​លើ​នាវា​ដឹក​ប្រេង​ Mercer​ Street​ ក្នុង​សមុទ្រ​អា​រ៉ាប់​ ដែល​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ស្តីបន្ទោស​អ៊ី​រ៉​ង់​ និង​ពី​បញ្ហា​ក្នុង​តំបន់​ផ្សេងៗ​ទៀត​។​

​លោក​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​អំពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ ការ​គាំទ្រ​អា​រ៉ា​ប៊ី​សា​អូឌីត​សម្រាប់​បទ​ឈប់​បាញ់​ដ៏​ទូលំទូលាយ​នៅ​យេ​ម៉ែ​ន​ និង​វិធានការ​ភ្លាមៗ​ដើម្បី​កាត់​បន្ថយ​វិបត្តិ​មនុស្សធម៌​របស់​យេ​ម៉ែ​ន​ផង​ដែរ​។​

​សេចក្តីថ្លែងការណ៍​បាន​បន្ថែម​ថា​ “​រដ្ឋមន្ត្រី​លោក​ Blinken​ បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​សម្រាប់​ការ​រីក​ចំរើន​ផ្នែក​សិទ្ធិ​មនុស្ស​”​ ដោយ​បាន​គាំទ្រ​នូវ​សេចក្តីថ្លែងការណ៍​របស់​សហរដ្ឋអាមេរិក​ពី​ខែកក្កដា​បន្ទាប់​ពី​អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ជួប​ពិភាក្សា​ជាមួយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិ​ក​លោក​ Jake​ Sullivan​ នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​។​

​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ សហរដ្ឋអាមេរិក​មិន​បាន​និយាយ​អំពី​ឃាតកម្ម​ក្នុង​ឆ្នាំ​ ២០១៨​ លើ​អ្នកកាសែត​វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍​ និង​ជា​អ្នកប្រឆាំង​នឹង​អា​រ៉ា​ប៊ី​សា​អូឌីត​ គឺ​លោក​ Jamal​ Khashoggi​ ដែល​បាន​កើតឡើង​ក្នុង​អាណា​ត្តិ​របស់​អតីត​ប្រធានាធិបតី​លោក​ Donald​ Trump​។​

​លោក​ប្រធានាធិបតី​ Biden​ បាន​ធ្វើ​ឲ្យ​រង្គោះរង្គើ​ទំនាក់ទំនង​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​ជា​សម្ព័ន្ធមិត្ត​ជិត​ស្និទ្ធ​របស់​អា​មេ​រិ​កដោយ​អនុញ្ញាត​ឲ្យ​មានការ​ចេញផ្សាយ​នៅ​ក្នុង​ខែកុម្ភៈ​ នៃ​របាយការណ៍​ស៊ើបការណ៍​សម្ងាត់​អា​មេ​រិ​ក​ ដោយ​បាន​រក​ឃើញ​ថា​អ្នកដឹកនាំ​អា​រ៉ា​ប៊ី​សា​អូឌីត​គឺ​ព្រះរាជ​ទាយាទ​ Mohammed​ bin​ Salman​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ MbS​ បាន​យល់ព្រម​លើ​ការ​សម្លាប់​លោក​ Khashoggi​ ។​ ​ប៉ុន្តែ​ទីក្រុង​ Riyadh​ បាន​បដិសេធ​ថា​ ព្រះរាជ​ទាយាទ​ មិន​ពាក់ព័ន្ធ​នោះ​ទេ​។​

​លោក​ប្រធានាធិបតី​លោក​ Biden​ ក៏​បាន​បញ្ចប់​ការ​គាំទ្រ​របស់​អា​មេ​រិ​ក​ចំពោះ​ប្រតិបត្តិការ​វាយលុក​ដោយ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ក្នុង​ប្រទេស​យេ​ម៉ែ​ន​។​ ប៉ុន្តែ​លោក​បាន​ច្រាន​ចោលការ​អំពាវនាវ​របស់​សមាជិក​សភា​ និង​ក្រុម​សិទ្ធិ​មនុស្ស​ឱ្យ​ដាក់​ទណ្ឌកម្ម​លើ​ព្រះរាជ​ទាយាទ​ Mohammed​ bin​ Salman​ ៕

មតិយោបល់