ទង្វើរបស់ លីទុយអានី គឺត្រូវ មហាយក្សចិន យល់ថា ជា «ការញុះញង់ចាក់រុកបង្កហេតុ»។ ជាប្រតិកម្ម គឺ ក្រៅពីកោះហៅទូតខ្លួនចេញពី លីទុយអានី, រដ្ឋបាល ចិន ថែមទាំងបោះពាក្យសម្តីឲ្យ លីទុយអានី អញ្ជើញហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន ចេញពីក្រុងប៉េកាំង ទៅផ្ទះវិញផង។ ចិន ចោទប្រកាន់ លីទុយអានី ថាបានបំពានយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍មូលដ្ឋានទំនាក់ទំនងទ្វេភាគី និងរំលោភលើការប្តេជ្ញាចិត្ត គោរពគោលការណ៍«ចិនតែមួយ»។
ភ្លាមៗ ក្រសួងការបរទេស លីទុយអានី បានសម្តែង«ក្តីសោកស្តាយ» និងថែមចេញសេចក្តីប្រកាសឆ្លើយតបទៅសមភាគីចិនវិញ ថា លីទុយអានី នៅតែគោរពយ៉ាងខ្ជាប់ គោលការណ៍«ចិនតែមួយ» តែ លីទុយអានី ក៏មានឆន្ទៈចង់ជំរុញកិច្ចសហកាជាមួយ តៃវ៉ាន់ ដើម្បីផលប្រយោជន៍រួមដែរ ពីព្រោះថា លីទុយអានី និងវ៉ាន់តៃ ធ្លាប់បានសហការគ្នាស្រេចទៅហើយ ជាង១៨ឆ្នាំមកហើយ នៅលើច្រើនវិស័យ។ ទោះជាយ៉ាងនេះក្តី ក្រសួងការទូត លីទុយអានី បានសង្កត់ធ្ងន់ថា មិនទទួលស្គាល់ការចង់ប្រកាសឯករាជរបស់ តៃវ៉ាន់ ទេ។
ចំណែក អ្នកនាំពាក្យសហភាពអឺរ៉ុប ក៏បានពន្យល់ថា នេះជាលើកទី១ហើយ ដែលប្រទេសចិន សម្តែងអាកប្បកិរិយាខឹងសម្បាខ្លាំងចំពោះការបើក«ការិយាល័យតំណាងតៃវ៉ាន់» នៅលើបណ្តារដ្ឋធានី ក្នុងសហភាពអឺរ៉ុប។ អ្នកនាំពាក្យសហភាពអឺរ៉ុប ជួយបំភ្លឺទីភ្នាក់ព័ត៌មានបារាំងAFP ថា សហភាពអឺរ៉ុប ទទួលស្គាល់រដ្ឋាបាលភិបាលចិនតែមួយ និង«គោរពគោលការណ៍តែមួយ»។ ចំណែកការដែល ប្រទេសសហភាពអឺរ៉ុបទាក់ទងនឹង តៃវ៉ាន់ ដោយបើកស្ថានទូតនិងស្ថានតំណាង នៅលើទឹកដៃអឺរ៉ុប ឬនៅក្រុងតៃប៉ិ នោះគឺដើម្បីផលប្រយោជន៍សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ជាបន្ថែមតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយចុះ ចិន ទំនងជានៅហាក់មិនស្រឡះចិត្ត ដ្បិតថា តៃវ៉ាន់ បើកស្ថានតំណាង នៅរដ្ឋធានី Vilnius របស់ លីទុយអានី គឺបានដាក់ឈ្មោះថា «ការិយាល័យតំណាងតៃវ៉ាន់» ដែលមិនមែន ត្រឹមតែដាក់ថា «ការិយាល័យតំណាងក្រុងតៃប៉ិ» ដូចទម្លាប់ធ្វើពីមុនៗឡើយ។ ម្យ៉ាងទៀត ក៏ដោយសារតែ លីទុយអានី ធ្លាប់សម្តែងកាយវិការឲ្យ ចិន ទើសចិត្ត ពីព្រោះថា លីទុយអានី ចង់ដកខ្លួនពី « វេទិកាប្រជុំ ១៧+១» ដែលផ្តុំដោយ ចិន រុស្ស៊ី ប្រទេសអឺរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត។ មិនតែប៉ុណ្ណោះ ប្រទេសអឺរ៉ុបខាងកើតនេះ បានសន្យាផ្តល់ថ្នាំបង្ការកូវីដ ឲ្យតៃវ៉ាន់ ២ម៉ឺនដូស។ រឿងទាំងអស់ជាបន្តបន្ទាប់នេះហើយ ទើបធ្វើឲ្យ ចិន ខ្ញាល់នឹង លីទុយអានី៕
មតិយោបល់