ព័ត៌មានជាតិ

អង្គការសហប្រជាជាតិ បានអំពាវនាវ​ឲ្យ​ពួកតាលីបង់​បិទបញ្ចប់​ការវាយប្រហារ​ទៅលើ អាហ្វហ្កានីស្ថាន

នៅមុនអាមេរិក​ដកកងទ័ព​ចេញអស់ពីអាហ្វហ្កានីស្ថាន ក្រុមតាលីបង់​បានប្រយុទ្ធដណ្តើមទឹកដីកាន់តែច្រើន​ពីរដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។ ក្រុមតាលីបង់​ដែល​ពង្រីកដែនគ្រប់គ្រង​៦៥%នៃទឹកដី បាន​វាយដណ្តើម​គ្រប់គ្រងទីក្រុងអាហ្វហ្កានីស្ថាន ចំនួន ៧ នៅក្នុង​រយៈពេល តែ ៥ថ្ងៃ និង​កំពុងឡោមព័ទ្ធ គំរាមវាយបក​ទីក្រុង​សំខាន់ៗ ចំនួន​១១​ផ្សេងទៀត ដែលនៅក្នុងនោះ មាន​រដ្ឋធានីកាប៊ូល។

នៅថ្ងៃ​អង្គារ ក្រុមតាលីបង់​បាន​វាយចូលកាន់ទីតាំង​រដ្ឋបាល​អាហ្វហ្កានីស្ថាន ក្នុង​ទីក្រុង Aybak របស់​ខេត្ត​Samangan ដែលស្ថិតនៅចន្លោះ រដ្ឋធានីកាប៊ូល និង​Maza I sharif ទីក្រុង​ធំសំខាន់​បំផុត​នៅភាគខាងជើង។ បើសិន ក្រុមតាលីបង់​វាយយកបាន​ទីក្រុង នៅភាគខាងជើង​មួយទៀត នោះ រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​នឹង​បាត់បង់​កម្លាំងគាំទ្រ​យោធា​ដ៏សំខាន់មួយ ពីតំបន់​ខាងជើង។ មន្រ្តីរដ្ឋាភិបាល​អាហ្វហ្កានីស្ថានធ្លាប់​និយាយ​ប្រាប់​អ្នកកាសែត​ថា លោកប្រធានាធិបតី អាហ្វហ្កានីស្ថាន បាន​ព្យាយាម កេណ្ឌប្រមូល​ក្រុមប្រដាប់អាវុធ និង​ប្រជាជន​នៅតាម​តំបន់​ឲ្យ​ងើបតស៊ូប្រឆាំង​ក្រុមតាលីបង់ ដើម្បី​ការពារ​លទ្ធិប្រជាធិបតេយ្យ​នៅអាហ្វហ្កានីស្ថាន។ នៅថ្ងៃ​ចន្ទ អ្នកនាំពាក្យ​ក្រសួងការពារ​ជាតិអាមេរិក​បាន​អះអាងជាថ្មីថា អាមេរិក​នឹង​នៅបន្តដកទ័ព​តាមកាលកំណត់ ចំណែក ការប្រយុទ្ធ​ការពារ​ប្រទេស​អាហ្វហ្កានីស្ថាន ជាកាតព្វកិច្ច​របស់​កងទ័ព​អាហ្វហ្កានីស្ថាន។

ប្រធាន​ឧត្តមស្នងការសិទ្ធិមនុស្ស​របស់អង្គការ​សហប្រជាជាតិ បាន​ព្រមាន​កាលពីថ្ងៃអង្គារ​ថា ការបង្កើត​ចលនា​គាំទ្រ​រដ្ឋាភិបាល​ដើម្បីប្រយុទ្ធតតាំង​នឹង​ក្រុមតាលីបង់ នៅតាម​ទីក្រុង​នឹង​គំរាមកំហែង​អាយុជីវិត​ប្រជាជន​ស៊ីវិល។

នៅក្នុង​សេចក្តីថ្លែងការណ៍​នៅថ្ងៃអង្គារ ប្រធាន​ឧត្តមស្នងការសិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​ក្រុមតាលីបង់ បញ្ឈប់ជា​បន្ទាន់​ការវាយប្រហារ​ទៅលើ​ទីក្រុង​អាហ្វហ្កានីស្ថាន ព្រោះ​ថា ការប្រយុទ្ធគ្នានៅតាមទីក្រុង ​រវាង​ក្រុមតាលីបង់ និង​កងទ័ពរដ្ឋាភិបាល នៅ​មួយខែ​មកនេះបាន​សម្លាប់ប្រជាជនស៊ីវិល​យ៉ាងតិច ១៨៣នាក់ និង​របួស ជាង ១១០០នាក់ ដែលនៅក្នុងនោះមានផងដែរ កុមារអាហ្វហ្កានីស្ថាន។ ប្រធាន​ឧត្តមស្នងការសិទ្ធិមនុស្ស​បាន​និយាយ​ថា លោកស្រី​មានកង្វល់​យ៉ាងខ្លាំងដែល​បាន​ទទួល​ការរាយការណ៍ថា ក្រុមប្រយុទ្ធ តាលីបង់​បាន​ប្រហារជីវិត មន្រ្តី ​ទាហាន​រដ្ឋាភិបាល និង​ប្រជាជន​អាហ្វហ្កានីស្ថាន នៅតាម​ទីក្រុង​ដែល​ក្រុមនេះ​បានវាយដណ្តើម​កាន់កាប់ នៅប៉ុន្មាន ថ្ងៃ​មកនេះ។ សម្រាប់​ប្រធានឧត្តមស្នងការ​សិទ្ធិមនុស្ស សម្លាប់​ប្រជាជន​ស៊ីវិល​ជាការរំលោភច្បាប់អន្តរជាតិផ្នែកមនុស្សធម៌ និងអាចចាត់ទុក​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម។

នៅក្នុងកិច្ចប្រជុំ​ដើម្បីសន្តិភាពនៅអាហ្វហ្កានីស្ថាន បេសកជន​ពិសេស​របស់អាមេរិក​សម្រាប់​អាហ្វហ្កានីស្ថាន បានព្រមាន​ហើយថា សហគមន៍​អន្តរជាតិ​នឹង​មិនទទួល​ស្គាល់​រដ្ឋាភិបាល​ណា​ដែល​ចូលកាន់កាប់ប្រទេស​តាមរយៈ​ការប្រយុទ្ធ ធ្វើសង្រ្គាមនោះទេ៕

មតិយោបល់