ព័ត៌មានជាតិ

អភិបាលរដ្ឋញូយ៉ក លោក Andrew Cuomo លាលែងពីតំណែង ដោយសាររឿងអាស្រូវផ្លូវភេទ

 

(ញយ៉ក)៖ អភិបាលរដ្ឋញូយ៉ក លោក Andrew Cuomo បានប្រកាសលាលែងចេញពីតំណែងហើយថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីការស៊ើបអង្កេតមួយ
រកឃើញថាលោកបានបៀតបៀនផ្លូវភេទលើស្ត្រី១១នាក់ និងការអំពាវនាវឱ្យចុះចេញពីតំណែងពីសំណាក់លោកប្រធានាធិបតី ចូ បៃដិន ព្រមទាំងអ្នកនយោបាយអាមេរិកជាច្រើននាក់ទៀត។

លោក Andrew Cuomo មកពីគណបក្សប្រជាធិបតេយ្យដែលបានឡើងកាន់តំណែងជាអភិបាលរដ្ឋញូយ៉កចាប់តាំងពីឆ្នាំ២០១១មក បានលាលែងពីតំណែង ក្រោយអគ្គរដ្ឋអាជ្ញារដ្ឋញូយ៉ក លោកស្រី Letitia James កាលពីថ្ងៃទី៣ ខែសីហាកន្លងទៅបានចេញផ្សាយលទ្ធផលនៃការស៊ើបអង្កេតឯករាជ្យដែលចំណាយ ពេលអស់៥ខែ ជាមួយការសន្និដ្ឋានថាលោក Cuomo ពិតជាបានប្រព្រឹត្តទង្វើបំពានច្បាប់របស់ញូយ៉ក និងទាំងច្បាប់សហព័ន្ធអាមេរិក។

តែទោះជាបែបនេះក្ដី នៅក្នុងសុន្ទរកថារយៈពេល២០នាទី តាមកញ្ចក់ទូរទស្សន៍នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក Andrew Cuomo នៅតែបដិសេធថាលោក មិនបានធ្វើខុសអ្វីទាំងអស់ ទោះជាលោកនិយាយថាលោកទទួលខុសត្រូវទាំងស្រុងចំពោះការបៀតបៀនលើស្ត្រីទាំងនោះដោយមិនបានរៀបចំផែនការ អាក្រក់ណាមួយទុកជាមុនក៏ដោយ។

បើតាមលោក Andrew Cuomo ការលាលែងចេញពីតំណែងជាអភិបាលរដ្ឋញូយ៉ករបស់លោកនឹងត្រូវចូលជាធរមាននៅក្នុងរយៈពេល១៤ថ្ងៃ ហើយអភិបាលរង លោកស្រី Kathy Hochul នឹងត្រូវឡើងកាន់តំណែងជាអភិបាលរដ្ឋញូយ៉កថ្មី រហូតដល់ខែធ្នូ ឆ្នាំ២០២២៕

ប្រភព៖​​​​​​ CNN

មតិយោបល់