ព័ត៌មានជាតិ

កម្ពុជា និងជប៉ុន ត្រូវជួបហុងកុង ក្នុងពូល K នៃ​វគ្គ​ជម្រុះ AFC U23 Asian Cup 2022

CAMSOC-ភ្នំពេញ៖ ពិធីចាប់ឆ្នោតស្វែងរកក្រុមបង្គ្រប់ពូល K នៃ​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC U-23 Asian Cup 2022 បាន​បញ្ចប់​ហើយ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​សី​ហា​នេះ ដោយ​លទ្ធ​ផល​​ក្រុម U23 ហុងកុង ត្រូវ​បាន​ចាប់​ឆ្នោត​ចូល​ពូល​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​យុ​វ​ជន​អាយុ​ក្រោម ២៣ឆ្នាំ​កម្ពុជា និង​ជប៉ុន។
ការចាប់ឆ្នោតនេះ ធ្វើឡើងក្រោយក្រុម U23 កូរ៉េខាងជើងបានដកខ្លួន កាលពីពេលថ្មីៗ ដែលនាំឲ្យបេក្ខភាពពូល K សល់ត្រឹម ២ក្រុម គឺកម្ពុជា និងជប៉ុន។ ដោយហេតុនេះ ដើម្បីអាចបន្ដការប្រកួតពូលនេះបាន សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ក៏បានសម្រេចធ្វើការចាប់ឆ្នោតពូល G, H, I និងពូល J ចំនួន ៨ក្រុម ដើម្បីស្វែងរក ១ក្រុម មកបង្គ្រប់ពូល K ឲ្យបាន ៣ក្រុមឡើងវិញ។
ចំពោះ ៨ក្រុម ដែលត្រូវបានជ្រើសរើសចូលមកចាប់ឆ្នោតឡើងវិញ រួមមានពូល G មានចិន និងព្រុយណេ, ពូលH មានទីម័រខាងកើត និងហ្វីលីពីន, ពូល I មានមីយ៉ាន់ម៉ា និងហុងកុង និងពូល J មានម៉ាឡេស៊ី និងឡាវ។ ជាលទ្ធផលហុងកុង ដែលស្ថិតក្នុងពូល I បានចាប់ឆ្នោតចូលមកពូល K ជាមួយកម្ពុជា និងជប៉ុន ធ្វើអោយពូល I សល់ ៣ក្រុម ដូចគ្នា គឺមានវៀតណាម មីយ៉ាន់ម៉ា និងឆាយនីសតៃប៉ិ។
សម្រាប់កម្មវិធីប្រកួតជម្រុះពានរង្វាន់ជើងឯកយុវជនអាយុក្រោម ២៣ឆ្នាំប្រចាំទ្វីបអាស៊ីនេះ គ្រោងចាប់ផ្ដើមពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ខាងមុខ ដើម្បីចម្រាញ់រកក្រុមខ្លាំង ឡើងទៅជុំចុងក្រោយ នៅប្រទេសអ៊ូបេគីស្ថាន ដែលគ្រោងធ្វើការប្រកួតពីថ្ងៃទី០១-១៩ ខែមិថុនា ឆ្នាំ២០២២ ក្នុងនោះ ពូល K ដែលមានបេក្ខភាពក្រុមគោព្រៃជំទង់កម្ពុជា នឹងប្រកួតនៅទឹកដីកណ្ដាល នៃប្រទេសជប៉ុន៕

មតិយោបល់