ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តរៀបចំទីតាំងបន្ថែមសម្រាប់ត្រៀមព្យាបាលបងប្អូនប្រជាពលករខ្មែរដែលវិលត្រលប់ពីប្រទេសថៃ ក្នុងករណីមានជំងឺកូវីដ-១៩

តាមរយៈFacebook របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្ងៃអង្គារ ទី១០ សីហា ២០២១ នេះ បានដឹកនាំក្រុមការងារ ទៅខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ដើម្បីពិនិត្យការរៀបចំទីតាំងបន្ថែមសម្រាប់ត្រៀមព្យាបាលបងប្អូនប្រជាពលករខ្មែរដែលវិលត្រលប់ពីប្រទេសថៃ ក្នុងករណីមានជំងឺកូវីដ-១៩។
ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើង៖ ថាការរៀបចំទីតាំងបន្ថែមទាំងនេះគឺជាការ ត្រៀមលក្ខណៈជាងមុនក្នុងករណី បងប្អូនប្រជាពលករខ្មែរដែលវិលត្រលប់ពីប្រទេសថៃ មានជំងឺកូវីដ-១៩។
<< រាជរដ្ឋាភិបាលក៏ដូចជាក្រុមការងារសង្ឃឹមថាបងប្អូនប្រជាពលករយើងមានសុខភាពល្អនិងជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា>>។
ឯកឧត្តម បានបន្តថា <<ទោះជាយ៉ាងណាក៏ដោយ ការរៀបចំមណ្ឌលព្យាបាលនៅតាមព្រំដែននេះ គឺជាការត្រៀមលក្ខណៈមួយក្នុងករណីចាំបាច់ដែលបងប្អូនឆ្លងជំងឺកូវីដ-១៩ ដែលអាចអោយរាជរដ្ឋាភិបាលមានលទ្ធភាពផ្តល់ទីកន្លែងជូនបងប្អូនស្នាក់នៅនិងទទួលការព្យាបាលបានល្អសមរម្យ និងទាន់ពេលវេលា ដើម្បីបានជាសះស្បើយមុននិងបងប្អូនវិលត្រលប់ទៅស្រុកកំណើតខ្លួនវិញ។>>
សូមជម្រាបជូនថា ក្រោយរកឃើញ មេរោគកូវីដ-១៩បម្លែងខ្លួន(Delta) លើពលករចំណាកស្រុកមកពីប្រទេសថៃ រាជរដ្ឋាភិបាលបានចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីទប់ស្កាត់មិនឱ្យមេរោគនេះចម្លងចូលទៅក្នុងសហគមន៍៕

មតិយោបល់