ព័ត៌មានជាតិ

លោក Duterte​ ប្តូរចិត្ត លែងឈរឈ្មោះ​ជា​បេក្ខជន​អនុប្រធានាធិបតី​ នឹង​ចូលនិវត្តន៍​ពី​អាជីព​នយោបាយ

នៅថ្ងៃ​សៅរ៍ ប្រធានាធិបតី​ហ្វីលីពីនជិតផុតអាណត្តិ លោក​ រ៉ូឌ្រីហ្គោ ឌុយទែរតេ​បាន​ប្រកាស​ដកខ្លួន​ចេញពី​ឆាក​នយោបាយ នៅទីកន្លែង​ដែលលោក​ត្រូវ​ចុះឈ្មោះ​ក្នុង​បញ្ជី​បេក្ខជន​សម្រាប់​អនាគត តំណែង​អនុប្រធានាធិបតី។

នៅ​ចុងខែ សីហា លោក​ប្រធានាធិបតី ឌុយទែរតេ​ធ្លាប់​បាន​ប្រកាស​ចង់​ឈរឈ្មោះ​ជា​បេក្ខជន​អនុប្រធានាធិបតី​សម្រាប់​អាណត្តិក្រោយ ដើម្បី​បន្ត​នយោបាយ​ប្រឆាំង ក្រុមជួញដូរគ្រឿងញៀន និង​ក្រុមឧទ្ទាម។ សម្រាប់អ្នកវិភាគ ដោយ​ចង់ឈរឈ្មោះ សម្រាប់តំណែង​អនុប្រធានាធិបតី នៅអាណត្តិក្រោយ លោក​ឌុយទែរតេ ទំនង​ចង់​ខ្ចីដៃ របស់អនាគត​ប្រធានាធិបតី​ថ្មី ដើម្បី បន្តធ្វើ​សង្រ្គាម​ប្រឆាំង ក្រុមជួញដូរ​ថ្នាំញៀន។

ប៉ុន្តែ នៅថ្ងៃ​សៅរ៍ លោក​ឌុយទែរតេ បានប្តូរជំហរមកវិញ ដោយ​បាន​ប្រកាស លែងចង់​ឈរឈ្មោះតទៅទៀត។ សម្រាប់​លោក​ឌុយទែរតេ គំនិត​របស់​ប្រជាជន​ហ្វីលីពីន​ភាគច្រើន គិតថា លោក​មិនអាច​ឈរឈ្មោះ​ហើយ វាផ្ទុយនឹង​រដ្ឋធម្មនុញ្ញ​ហ្វីលីពីន បើសិន​លោក​បន្តឈរឈ្មោះ​សម្រាប់​តំណែង​អនុប្រធានាធិបតី នៅអាណត្តិក្រោយ។ រដ្ឋធម្មនុញ្ញ​ហ្វីលីពីន​បានចែងផងដែរ​ឲ្យ​គេ​កាន់តំណែង​ប្រធានាធិបតី​បានតែ​១អាណត្តិប៉ុណ្ណោះ។

បច្ចុប្បន្ននេះ លោក​ឌុយទែរតេ​នៅ​តែ​ជាប្រធានាធិបតី​ហ្វីលីពីន​មានប្រជាប្រិយភាព​ក្នុង​ប្រទេស ដោយសារ​នយោបាយកណ្តាប់ដៃដែក ធ្វើ​សង្រ្គាម​ប្រឆាំង​បណ្តាញជួញដូរ​គ្រឿងញៀន។ ប៉ុន្តែ ការស្ទង់មតិ ថ្មីៗនេះ​បង្ហាញថា ប្រជាប្រិយភាព​របស់​លោក​ឌុយទែរតេ​បាន​ធ្លាក់​ចុះ ទាបជាង​បេក្ខជន​អនុប្រធានាធិបតីផ្សេងទៀត។

នៅថ្ងៃ​សៅរ៍ លោក​ឌុយទែរតេ​មិនបាន​បញ្ជាក់​ថ្ងៃ​កំណត់​ដែលលោក​ត្រូវ​ចូលនិវត្ត​ពី​ឆាកនយោបាយ​នោះទេ។ លោក​ក៏មិនបាន​បញ្ជាក់ថា តើ​បេក្ខជន ​ណាមួយ ដែលលោក​គាំទ្រ ចង់​ឲ្យ​កា្លយ​ជា​ប្រធានាធិបតី ថ្មី​របស់​ហ្វីលីពីន។

ដោយលែង​ឈរឈ្មោះ​សម្រាប់​បេក្ខភាព​អនុប្រធានាធិបតី លោក​ឌុយទែរតេ​កំពុង​បើកផ្លូវ​ឲ្យ​កូនស្រី​របស់លោក គឺ​លោកស្រី Sara Duterte Carpio ឲ្យ​ចូលកាន់តំណែង​កំពូល​នៅហ្វីលីពីន។ ជាចៅហ្វាយក្រុង​ដាវ៉ៅ បន្ត​ពី​ឪពុក គឺ​លោកឌុយទែរតេ ដែល​ក្លាយជា​ប្រធានាធិបតី ហ្វីលីពីន នៅ​ឆ្នាំ ២០១៦ លោកស្រី​សារ៉ា ធ្លាប់​និយាយ​ថា លោកស្រី​មិនចង់​ឈរឈ្មោះ ក្នុងការបោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​ក្រោយ​នោះទេ បើសិន​ឪពុកលោកស្រី ឈរឈ្មោះជា​បេក្ខជន​អនុប្រធានាធិបតី។ លោកស្រី សារ៉ា មក​ពីគណបក្ស​ផ្សេង​ពី​លោក​ឌុយទែរតេ មាន​ប្រជាប្រិយភាព​មិន​ចាញ់​ឪពុក។ អ្នកតាមដាន​នយោបាយ​នៅហ្វីលីពីន​វាយតម្លៃថា បើសិន លោកស្រី សារ៉ា ជាប់ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​ហ្វីលីពីន នោះលោកស្រី​នឹង​អាច​នៅបន្ត​ការពារ លោក​ឌុយទែរតេ ជា​ឪពុក ពីសំណាញ់ច្បាប់ ក្នុង​ស្រុក និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​បាន​បទចោទប្រកាន់ លោក​ប្រធានាធិបតីឌុយទែរតេ ​ថា បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម ​សម្លាប់​មនុស្ស​ក្រៅផ្លូវ​ច្បាប់ នៅក្នុង​សង្រ្គាម​ប្រឆាំង ក្រុមគ្រឿងញៀន នៅហ្វីលីពីន នៅក្នុង​អាណត្តិដឹកនាំ​របស់លោក៕

មតិយោបល់