(អាល់ហ្សេរី)៖ អាជ្ញាធរនៃប្រទេសអាល់ហ្សេរី បានឱ្យដឹងនៅថ្ងៃអង្គារសប្ដាហ៍នេះថាមនុស្សយ៉ាងហោច៤២នាក់ ក្នុងនោះមានយោធា ២៥នាក់បានស្លាប់នៅក្នុងគ្រោះហន្តរាយ ភ្លើងឆេះព្រៃដែលកំពុងឆាបឆេះតំបន់ភ្នំ Kabylie។ យោធាទាំង២៥នាក់នេះត្រូវបានបញ្ជូនឱ្យជួយក្រុមអ្នកពន្លត់អគ្គិភ័យដែលកំពុងតស៊ូប្រយុទ្ធជាមួយអណ្តាតភ្លើងឆេះព្រៃ។
បើតាមរដ្ឋមន្ត្រីមហាផ្ទៃអាល់ហ្សេរី លោក Kamel Beldjoud ភ្លើងឆេះព្រៃរាប់សិបកន្លែងបានឆាបឆេះតំបន់ព្រៃនៅទូទាំងភាគខាងជើងនៃប្រទេសតាំងតែពីយប់ថ្ងៃចន្ទដើមសប្ដាហ៍ នេះមកម្ល៉េះ ហើយលោកបានចោទប្រកាន់ថាភ្លើងឆេះព្រៃនេះបង្កឡើងដោយមានអ្នកលួចដុត។
ប៉ុន្តែលោកមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ ដោយគ្រាន់តែលើកឡើងយ៉ាងខ្លីដូច្នេះថា៖ «មានតែឧក្រិដ្ឋជនតែប៉ុណ្ណោះដែលនៅពីក្រោយការបង្ក អគ្គិភ័យឆាបឆេះជាង ៥០កន្លែងនៅតាមតំបន់ជាច្រើនក្នុងពេលជាមួយគ្នាបែបនេះ»៕
ប្រភព៖ Reuters
មតិយោបល់