(Reuters) - កាលពីថ្ងៃអង្គារ៍ រដ្ឋាភិបាលប្រទេសអេត្យូពីបានជំរុញឲ្យពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងនឹងកងកម្លាំង Tigrayan ដែលកំពុងងើបឡើងវិញ ដែលកំពុងវាយលុកហួសពីតំបន់របស់ពួកគេនៅក្នុងសង្គ្រាមដែលមានរយៈពេល ៩ ខែ បណ្តាលឲ្យមានវិបត្តិជនភៀសខ្លួនដ៏ធំមួយ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់នាយករដ្ឋមន្ត្រី Abiy Ahmed លោកបានអំពាវនាវប្រជាជនឲ្យមានអាវុធ ដោយនិយាយថា “ឥឡូវនេះគឺ ជាពេលវេលាដ៏សមស្របសម្រាប់ប្រជាជនអេត្យូពីដែលមានសមត្ថភាព និងគ្រប់អាយុទាំងអស់ ក្នុងការចូលរួមជាមួយកងកម្លាំងការពារ កងកម្លាំងពិសេស និងកងជីវពលដើម្បីបង្ហាញពីការស្នេហាជាតិរបស់អ្នក” ។
សេចក្តីថ្លែងការណ៍នេះបានកើតឡើង ០៦ សប្តាហ៍បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសបទឈប់បាញ់ជាឯកតោភាគីនៅតំបន់ Tigray ភាគខាងជើង ចំថ្ងៃដែលកងកម្លាំង Tigrayan ដណ្តើមបានរដ្ឋធានី Mekelle ដែលជាការផ្លាស់ប្តូរដ៏គំហុកមួយបន្ទាប់ពីមានជម្លោះអស់រយៈពេល ០៨ ខែ។
សង្គ្រាមបានផ្ទុះឡើងនៅក្នុងខែវិច្ឆិការវាងកងទ័ពសហព័ន្ធ និងកងកម្លាំងមកពីរណសិរ្សរំដោះប្រជាជន Tigray ដែលបានគ្រប់គ្រងប្រទេសអេត្យូពីអស់រយៈពេលបីទសវត្សរ៍ ដែលកំឡុងពេលនេះគ្រប់គ្រង Tigray ។ ការប្រយុទ្ធគ្នាបានបង្ខំឲ្យមនុស្សជាង ពីរលាននាក់ ចាកចេញពីផ្ទះរបស់ពួកគេ ហើយមនុស្សជាង ៥០.០០០ នាក់ទៀតបានភៀសខ្លួនទៅប្រទេសស៊ូដង់ដែលជាប្រទេសជិតខាង។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថាកាលពីខែមិថុនា រដ្ឋាភិបាលអេត្យូពីបានប្រកាសបទឈប់បាញ់ជាឯកតោភាគីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយកសិករក្នុងការដាំដុះដំណាំ។ ការប្រកាសនេះបានកើតឡើងបន្ទាប់ពីកងកម្លាំង Tigrayan ដណ្តើមបានរដ្ឋធានី Mekele បានវិញ។
កងកម្លាំង Tigrayan បានច្រានចោលបទឈប់បាញ់ដោយនិយាយថា រដ្ឋាភិបាលគួរតែយល់ព្រមតាមលក្ខខណ្ឌរបស់ខ្លួនសម្រាប់ការស្រុះស្រួលគ្នា ។ អ្នកនាំពាក្យរបស់កងកម្លាំង Tigrayan និងរបស់នាយករដ្ឋមន្ត្រី Abiy មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ៕
មតិយោបល់